តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃព្រហស្បតិ៍នេះ

ដោយ: គង់ លាងហួរ

អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃ នៅថ្ងៃព្រហ ស្បតិ៍នេះ ខណៈដែលជម្លោះនៅតំបន់មជ្ឈិមបូព៌ា បានធ្វើឱ្យអ្នកវិនិយោគមានការព្រួយបារម្ភ ទោះបីជាប្រាក់ដុល្លារ និងផលប័ត្ររតនាគារអាមេរិកបន្តហក់ឡើងថ្លៃយ៉ាងណាក្តី។

តម្លៃមាស Spot Gold បានងើបឡើង០,៣% ដល់១៩៨៥,៨៩ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោងសកល 0137 GMT ខណៈតម្លៃមាសរបស់សហរដ្ឋអាមេរិកU.S. gold futures បានងើបឡើង០,១% ដល់១៩៩៦,៣០ដុល្លារក្នុងមួយអោន។

ជាមួយគ្នានេះ អ្នកវិនិយោគកំពុងរង់ចាំអ៊ុតមើលតួលេខ GDP របស់សហរដ្ឋអាមេរិកសម្រាប់ត្រីមាសទី៣ ដែលគ្រោងចេញផ្សាយនៅថ្ងៃនេះ និងសន្ទស្សន៍តម្លៃPCE ដែលគ្រោងចេញផ្សាយនៅថ្ងៃសុក្រស្អែក មុនពេលធនាគារកណ្តាលអាមេរិក(Fed) ធ្វើការសម្រេចចិត្តលើអត្រាការប្រាក់នៅសប្តាហ៍ក្រោយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រាក់ដុល្លារ និងផលប័ត្ររតនាគាររយៈពេល១០ឆ្នាំ របស់សហរដ្ឋអាមេរិកបានហក់ឡើងថ្លៃ បន្ទាប់ពីទិន្នន័យបានបង្ហាញថា ការលក់ផ្ទះថ្មីនៅសហរដ្ឋអាមេរិក បានកើនឡើងដល់កម្រិតខ្ពស់បំផុត ក្នុង      រយៈពេល១៩ខែកាលពីខែកញ្ញា។

សមាគមមាសចិនបានរាយការណ៍ កាលពីថ្ងៃពុធម្សិលមិញនេះថា ការប្រើប្រាស់មាសរបស់ប្រទេសចិន នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៣នេះ បានកើនឡើង៧,៣% បើធៀបនឹងឆ្នាំមុន។

ចំណែក ក្រុមហ៊ុន SPDR Gold Trust ដែលជាមូលនិធិជួញដូរមាសដ៏ធំបំផុតរបស់ពិភពលោក បានរាយការណ៍ថា ការកាន់កាប់មាសរបស់ក្រុមហ៊ុនខ្លួន បានកើនឡើង០,២% កាលពីថ្ងៃពុធ។

ទន្ទឹមគ្នានេះ តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,១% ដល់២២,៩២ដុល្លារក្នុងមួយអោន តម្លៃផ្លាទីនបានធ្លាក់ចុះ០,៤% មកត្រឹម៨៩៨,៨៨ដុល្លារក្នុងមួយអោន ហើយតម្លៃប៉ាឡាដ្យូម (palladium) ធ្លាក់ចុះ០,៦% មកត្រឹម១១១៩,១៤ដុល្លារ ក្នុងមួយអោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here