CSX រំពឹងថាការស្នើសុំបើកគណនីជួញដូរភាគហ៊ុននឹងកើនពី៣ទៅ៥ម៉ឺនគណនី

ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ ផ្សារមូលបត្រកម្ពុជា(CSX)លើកឡើងថា ដោយសារការកើនឡើងសន្ទុះ នៃចំនួនវិនិយោគិនប្រមាណ៤០ភាគរយនៅឆ្នាំនេះ មន្រ្តីជាន់ខ្ពស់ស្ថាប័ននេះរំពឹងថា ការបើកគណនីជួញដូរនឹងកើនចន្លោះពី៣ទៅ៥ម៉ឺន នៅឆ្នាំ២០២៤ខាងមុខនេះ។

លោកហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា ក្នុងពិធីចុះកិច្ចព្រមព្រៀងស្តីពី តំណភ្ជាប់ប្រព័ន្ធផ្តល់លេខអត្តសញ្ញាណវិនិយោគិន និងប្រព័ន្ធបើកគណនីជួញដូរតាមអនឡាញ កាលពីព្រឹកថ្ងៃទី២៥ ខែតុលានេះ បានមានប្រសា​សន៍ឲ្យដឹងថា ចាប់ពីដើមឆ្នាំរហូតដល់ដាច់ឆ្នាំ២០២៣នេះ យើងនឹងទទួលបានវិនិយោគិនថ្មី សរុបប្រមាណ១៣,០០០នាក់ ប៉ុន្តែនៅឆ្នាំ២០២៤ យើងរំពឹងថា នឹងទទួលបានវិនិយោគិនថ្មីកើនឡើងបន្ថែមទៀត បន្ទាប់ពីវិនិយោគិន អាចបើកគណនីតាមអនឡាញបានដោយងាយស្រួល។

លោកបានបន្តថា ការកើនឡើងនូវចំនួនវិនិយោគិន ដ៏ច្រើននេះ នឹងតម្រូវឱ្យទីផ្សារមូលបត្រកម្ពុជា ត្រៀមខ្លួនឱ្យបានល្អក្នុងការទទួលពួកគាត់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយគ្នានេះ លោកស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា បានបញ្ជាក់ឲ្យដឹងដែរថា ការបើកគណនីជួញដូរ មូលបត្រតាមអនឡាញ ដែលគ្រោងនឹងប្រកាសនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលថ្មី ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកលើកឡើងថា តាមរយៈបរិបទនិន្នាការថ្មីនេះ វិស័យមូលបត្រនៅកម្ពុជា ក៏បានធ្វើទំនើបកម្ម តាមរយៈការដាក់ឱ្យដំណើរការប្រព័​ន្ធ ផ្តល់លេខអត្តសញ្ញាណវិនិយោគិនតាមអនឡាញ ការជួញដូរតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថលCSX Trade ការផ្ទេរប្រាក់តាម Mobile App ជាដើម ហើយឆាប់ៗនេះ យើងនឹងមានប្រព័ន្ធបើកគណនីជួញដូរតាមអនឡាញ។

កិច្ចព្រមព្រៀងស្តីពី តំណភ្ជាប់ប្រព័ន្ធផ្តល់លេខអត្តសញ្ញាណវិនិយោគិន និងប្រព័ន្ធបើកគណនីជួញដូរតាមអនឡាញ រវាងនិយ័តករមូលបត្រកម្ពុជា និងផ្សារមូលបត្រកម្ពុជា នៅថ្ងៃនេះ នឹងបង្កើតឱ្យមានការបើកគណនីជួញដូរបានភ្លាមៗ ពិសេសគឺការបើកគណនីជួញដូរតាមអនឡាញ។

ការតភ្ជាប់នេះ បានបង្កើតនូវភាពពេញលេញ នូវការបង្កើតប្រព័ន្ធបើកគណនីជួញដូរតាមអនឡាញ ដោយវិនិយោគិនអាចស្នើសុំលេខអត្តសញ្ញាណវិនិយោគិន និងបើកគណនីក្នុងប្រព័ន្ធតែមួយបានឆាប់រហ័ស។ វិនិយោគិន នឹងទទួលបានគណនីជួញដូរ មូលបត្របានដោយភ្លាមៗ និងមានប្រសិទ្ធិភាពខ្ពស់។ បន្ទាប់ពីបានគណនី វិនិយោគិន អាចដាក់ប្រាក់ចូលគណនីជួញដូរ និងចាប់ផ្តើមវិនិយោគបានភ្លាមៗតែម្តង៕

LEAVE A REPLY

Please enter your comment!
Please enter your name here