កម្ពុជាបង្ហាញសក្តានុពលនិងឱកាសវិនិយោគដល់ប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន

ដោយៈ ម៉ាលីនណា

        ភ្នំពេញៈ លោកនុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា និងសហការី បានទទួលជួបពិភាក្សាជាមួយគណៈ​ប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ានចំនួនប្រមាណ៤០រូប នៅសណ្ឋាគារ Courtyard by Marriot។

ក្នុងគោលបំណងផ្សព្វផ្សាយ អំពីសក្ដានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា អំពីកិច្ចការដែលក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជាបាននិងកំពុងអនុវត្ត និងការផ្តល់ការគាំទ្រនានាដល់វិនិយោគិន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងជំនួបនេះ ឯកឧត្តមអគ្គលេខាធិការរង បានជម្រាបជូនដោយសង្ខេបអំពីទិដ្ឋភាពជារួម នៃស្ថានភាពសេដ្ឋកិច្ច និងវិនិយោគនៅប្រទេសកម្ពុជា ដោយបានលើកឡើង ពីតួនាទីនិងរចនាសម្ព័ន្ធនៃក.អ.ក., ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពី វិនិយោគនៅកម្ពុជា ដែលមានភាពបើកចំហ តម្លាភាព និងភាពប៉ាន់ប្រមាណទុកជាមុនបាន ព្រមទាំងមានប្រព័ន្ធលើកទឹកចិត្តដ៏វៃឆ្លាតនិងអំណោយផល វិស័យអទិភាព ការធានានិងការពារវិនិយោគ សេវាថែរទាំវិនិយោគ  និងយន្តការដោះស្រាយវិវាទជាដើម។

លោក នុត អ៊ុនវ័ណរ៉ា​ បានលើកឡើងពីកិច្ចការផ្សេងៗ ដែល ក.អ.ក. បាននិងកំពុងអនុវត្តន៍ ដើម្បីជំរុញការទាក់ទាញវិនិយោគ ដូចជា ការដាក់ឱ្យដំណើរការតុវិនិយោគ សម្រាប់វិនិយោគិនអឺរ៉ុប ជប៉ុន ចិន និងកូរ៉េ ព្រមទាំងតុវិនិយោគកសិ-ចំណីអាហារ ការរៀបចំផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា ព្រមទាំងបានលើកឡើងពីស្ថានភាពទូទៅ នៃការវិនិយោគនៅកម្ពុជាក្នុងឆ្នាំ២០២៣នេះ។

ក្នុងជំនួបនេះ មានក្រុមហ៊ុនធំៗរបស់សហភាពអឺរ៉ុប មួយចំនួន ដែលបានបង្ហាញ ពីចំណាប់អារម្មណ៍ មកសិក្សាស្វែងយល់ពីលទ្ធភាពបណ្ដាក់ទុន និងពង្រីកផលិតកម្មរបស់ខ្លួននៅកម្ពុជា ក្នុងនោះមាន ដូចជា ក្រុមហ៊ុន Airbus, ក្រុមហ៊ុន DHL, ក្រុមហ៊ុន Roche និងក្រុមហ៊ុន Lidl & Kaufland ជាដើម។

ក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន ជាស្ថាប័នតំណាងឱ្យសម្លេងរបស់ធុរជនអឺរ៉ុប នៅតំបន់អាស៊ីអាគ្នេយ៍ ហើយត្រូវបានបង្កើតឡើង ក្នុងគោលបំណងជំរុញពាណិជ្ជកម្ម និងវិនិយោគរវាងសហភាពអឺរ៉ុប និងតំបន់អាស៊ាន។ សមាជិករបស់ក្រុមប្រឹក្សានេះ រួមមានក្រុមហ៊ុននាំមុខក្នុងវិស័យហិរញ្ញវត្ថុ ភស្តុភារកម្ម បច្ចេកវិទ្យា កសិកម្ម ប្រេង និងឧស្ម័ន ការថែទាំសុខភាព ព្រមទាំង ចំណីអាហារនិងភេសជ្ជៈ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here