បារាំងនៅតែបន្តកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ និងជំរុញរំហូរភ្ញៀវពីប្រទេសខ្លួនមកកម្ពុជា

ដោយៈ ហ្វីអូណា

        ភ្នំពេញៈ ភាគីបារាំងបានប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការ លើការបណ្ដុះបណ្ដាលជំនាញ វិជ្ជាជីវៈទេសចរណ៍ជាមួយភាគីកម្ពុជា និងបានសន្យាជំរុញរំហូរ ភ្ញៀវទេសចរនៅប្រទេសខ្លួន ក៏ដូចជាប្រទេសផ្សេងទៀតនៅទ្វីបអឺរ៉ុប ឱ្យមកទស្សនាគោលដៅទេសចរណ៍កម្ពុជាកាន់តែច្រើន។

កិច្ចសហប្រតិបត្តិការនេះ ត្រូវបានលើកឡើងក្នុងជំនួបពិភាក្សាការងាររវាងលោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោក ហ្សាក់ ប៉ឺឡេ (Jacques Pellet) ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា នារសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងទេសចរណ៍។

នាឱកាសនោះ ភាគីទាំងពីរបានលើកឡើង អំពីកិច្ចសហប្រតិ​បត្តិការកន្លងមក ពិសេសការផ្ដល់ជំនួយហិរញ្ញប្បទាន របស់ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) ក្នុងការសាងសង់វិទ្យាស្ថានជាតិបណ្ដុះបណ្ដាលវិជ្ជាជីវៈទេសចរណ៍ចំនួន២ទីតាំង គឺនៅរាជធានីភ្នំពេញ១ទីតាំង និងនៅខេត្តព្រះសីហនុ១ទីតាំងទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកឯកអគ្គរដ្ឋទូតបារាំងបានបញ្ជាក់ថា បន្ទាប់ពីសាលាជាតិមួយនេះសាងសង់រួចរាល់ និងដាក់ដំណើរការនោះ ភាគីបារាំងនឹងជួយរៀបចំកម្មវិធីសិក្សា ជំនាញវិជ្ជាជីវៈទេសចរណ៍មួយចំនួន ដើម្បីប្រើប្រាស់ សម្រាប់ការបណ្ដុះបណ្ដាលដល់សិក្ខាកាមផងដែរ។

ជាមួយគ្នានោះ លោករដ្ឋមន្ត្រី សុខ សូកេន បានលើកឡើងនូវចក្ខុវិស័យ ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ដោយផ្ដោតលើសសរស្ដម្ភយុទ្ធសាស្រ្ដចំនួន៥ ហៅកាត់ថា “បង្កើន 5-BUILD” ព្រមទាំងមានសមាសធាតុគាំទ្រចំនួន៣ ហៅកាត់ថា “អភិវឌ្ឍ៣-3Ds” ព្រមជាមួយនឹងការដាក់ចេញ នូវគោលនយោបាយ ផែនការមេ ផែនការយុទ្ធសាស្ត្រជាតិ ផែនការអភិវឌ្ឍន៍ទេសចរណ៍ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា ដើម្បីបង្កើនកិច្ចសហការគ្រប់ជ្រុងជ្រោយ វិជ្ជមាន និងមានភាពរលូន ក្នុងដំណើរការនៃការស្តារ និងអភិវឌ្ឍន៍វិស័យទេសចរណ៍។

ឯកអគ្គរដ្ឋទូតបារាំងក៏បានស្ម័គ្រចិត្ត ចូលរួមជំរុញការអនុវត្តន៍គោលនយោបាយរបស់ក្រសួងទេសចរណ៍ 5-BUILD និង 3Ds ខាងលើនេះ ដើម្បីចូលរួមលើកកម្ពស់ភាពប្រកួតប្រជែង និងទាក់ទាញការទស្សនារបស់ភ្ញៀវទេសចរអន្តរជាតិ។

ឯកអគ្គរដ្ឋទូតបារាំងរូបនេះ ក៏បានប្ដេជ្ញាជំរុញរំហូរភ្ញៀវទេសចរនៅប្រទេសបារាំង ក៏ដូចជាប្រទេសផ្សេងទៀត នៅទ្វីបអឺរ៉ុបឱ្យមកទស្សនាគោលដៅទេសចរណ៍កម្ពុជាផងដែរ។

ឯកអគ្គរដ្ឋទូតបានបន្តថា បារាំងក៏ជាសហប្រធាន នៃគណៈកម្មាធិការ ICC-Angkor នៅកម្ពុជាផងដែរ។ ដូច្នេះលោកក៏បានប្ដេជ្ញាបន្តកិច្ចសហប្រត្តិបត្តិការ ជាមួយភាគីកម្ពុជាលើវិស័យវប្បធម៌ បេតិក​ភណ្ឌ ទេសចរណ៍ជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here