ផ្សារហ៊ុននៅតំបន់អាស៊ីបានងើបឡើងថ្លៃនៅថ្ងៃពុធនេះ ខណៈ តម្លៃប្រេងស្ថិតនៅទ្រឹង

ដោយ: គង់ លាងហួរ
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាស៊ី បានងើបឡើងថ្លៃនៅថ្ងៃពុធនេះ ខណៈដែលអ្នកវិនិយោគបានសាទរ ចំពោះការអនុម័តលើការបោះផ្សាយមូលបត្របំណុលអធិបតេយ្យ(Sovereign bond)របស់ប្រទេសចិន។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានរាយការណ៍ថា សភាកំពូលបានអនុម័តលើការបោះផ្សាយមូលបត្របំណុល អធិបតេយ្យចំនួន១ទ្រីលានយ័ន (១៣៧ពាន់លានដុល្លារ) ហើយមូលនិធិនឹងត្រូវចំណាយលើការកសាងតំបន់ ដែលរងគ្រោះមហន្តរាយឡើងវិញ និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធ។

សន្ទស្សន៍​ភាគហ៊ុន​អាស៊ី​ប៉ាស៊ីហ្វិក ​របស់ក្រុមហ៊ុនអាមេរិក MSCI នៅ​ក្រៅ​ប្រទេស​ជប៉ុន ​បាន​ងើបឡើង០,៩​ភាគ​រយ ខណៈផ្សារហ៊ុនហុងកុងHang Seng បានងើបឡើងថ្លៃ២​ភាគ​រយ ហើយផ្សារហ៊ុនជប៉ុន Nikkei បានងើបឡើងថ្លៃ១,១ភាគរយ។

ចំណែកឯ សន្ទស្សន៍ផ្សារហ៊ុន Blue-chip CSI300 របស់ប្រទេសចិន ក៏បានងើបឡើងថ្លៃ១ភាគរយផងដែរនៅពុធនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅក្នុងទីផ្សាររូបិយប័ណ្ណវិញ ប្រាក់អឺរ៉ូបានធ្លាក់ថ្លៃចុះខ្លាំងបំផុត បន្ទាប់ពីសន្ទស្សន៍composite PMI នៅក្នុងតំបន់ចាយប្រាក់អឺរ៉ូបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល៣ឆ្នាំ។

ចំណែក ប្រាក់យ៉េនរបស់ជប៉ុន ត្រូវបានជួញដូរក្នុងតម្លៃ១៤៩,៨៥យ៉េនក្នុងមួយដុល្លារ ហើយប្រាក់ដុល្លាររបស់អូស្រ្តាលីបានងើបឡើងថ្លៃ០,៦ភាគរយ ដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេល២សប្តាហ៍។

ជាមួយគ្នានេះ តម្លៃ​ប្រេង​បានស្ថិតនៅទ្រឹងនៅថ្ងៃ​ពុធនេះ។ ជាក់ស្តែង តម្លៃប្រេងឆៅ Brent futures បានកើនឡើង២សេន ដល់៨៨,០៩ដុល្លារ ក្នុងមួយបារ៉ែល គិតត្រឹមម៉ោងសកល 0003 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate futures បានធ្លាក់ចុះ៥សេន ដល់៨៣,៦៩ដុល្លារក្នុងមួយបារ៉ែល៕

LEAVE A REPLY

Please enter your comment!
Please enter your name here