ដោយៈ ហ្វីអូណា
ភ្នំពេញៈ លោក Davide Furceri ប្រធានបេសកកម្ម IMF ប្រចាំកម្ពុជា បានថ្លែងអបអរចំពោះភាពជោគជ័យ លើការងារអាទិភាពទី១របស់ក្រសួងបរិស្ថាន ដែលទទួលបានការគាំទ្រ ពីសិស្សានុសិស្សប្រមាណជិត២លាននាក់ ក្នុងការរួមចំណែកកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក។
ការអបអរនេះ ធ្វើឡើងក្នុងជំនួបសម្តែងការគួរសម ជូនលោក បណ្ឌិតអ៊ាង សុផល្លែតរដ្ឋមន្រ្តីក្រសួងបរិស្ថាន នារសៀលថ្ងៃទី២៤ តុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។
លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងអំណរគុណចំពោះ IMF និងសហការី ហើយបានគូសបញ្ជាក់បន្ថែម អំពីយុទ្ធសាស្រ្តចក្រា ដែលក្រសួងបានដាក់ចេញ ដើម្បីជំរុញការងារអាទិភាពក្នុងជំហានបន្ទាប់ ដោយផ្តោតជាសំខាន់ទៅលើភាពស្អាត ភាពបៃតង ដោយចីរភាព ជាពិសេសនឹងមានការគាំទ្រពីមូលនិធិ IMF។
ឆ្លើយតបនឹងការថ្លែងឡើងរបស់លោករដ្ឋមន្រ្តី លោក Davide Furceri ប្រធានបេសកកម្មIMF ប្រចាំកម្ពុជាបានគាំទ្រ និងរួមចំណែកក្នុងវិស័យបរិស្ថាន តាមរយៈកិច្ចសហប្រតិបត្តិការបន្ត ដើម្បីការកាត់បន្ថយ Mitigation អន្តរាគមន៍របស់មនុស្ស ដើម្បីឱ្យប្រភពបញ្ចេញឧស្ម័នផ្ទះកញ្ចក់ថយចុះ ឬដើម្បីបង្កើនអាងស្រូបឧស្ម័នផ្ទះកញ្ចក់។
ក្រសួងបរិស្ថាន ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានដាក់ចេញនូវយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានឆ្នាំ២០២៣-២០២៨ ហើយយុទ្ធសាស្រ្តស្នូលនេះ ផ្តោតលើមុំសំខាន់៣ គឺភាពស្អាត ភាពបៃតង និងចីរភាព ដើម្បីឆ្លើយតបនឹងបញ្ហាសកលការប្រែប្រួលអាកាសធាតុ។
លើសពីនេះ ក្រសួងបរិស្ថានបានប្តេជ្ញាថា នឹងដាំដើមឈើយ៉ាងតិច១លានដើមក្នុងមួយឆ្នាំ ដើម្បីពង្រីកគម្របព្រៃឈើឱ្យបានជាង 60ភាគរយ និងរក្សាបាននូវអព្យាក្រឹតកាបូននៅឆ្នាំ២០៥០ បង្កើនប្រាក់ចំណូលបន្ថែម ដល់ប្រជាសហគមន៍ ឆ្ពោះទៅការអភិវឌ្ឍដោយចីរភាពស្របតាមយុទ្ធសាស្ត្រ បញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា៕