សភាកម្ពុជា វៀតណាម ឡាវ ដាក់ចេញនូវអនុសាសន៍និងដំណោះស្រាយចំនួន៩ចំណុចដើម្បីអភិវឌ្ឍន៍នៅតំបន់ត្រីកោណអភិវឌ្ឍន៍

ដោយៈ ហ្វីអូណា

ភ្នំពេញៈ គណៈប្រតិភូសភា កម្ពុជា-ឡាវ-វៀតណាម ដាក់ចេញនូវអនុសាសន៍ និងដំណោះស្រាយចំនួន៩ចំណុច ដើម្បីជំរុញឱ្យមានការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការរួម នៅតំបន់ត្រីកោណអភិវឌ្ឍន៍ ដែលជាប់ប្រទេសទាំងបីឱ្យកាន់តែរីកចម្រើន។

អគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា នៅថ្ងៃទី២១ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា គណៈប្រតិភូសភាCLV បានទៅធ្វើទស្សនកិច្ចនៅតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣។

ដំណើរទស្សនកិច្ចសិក្សានេះ មានគោលបំណងអនុវត្តការត្រួតពិនិត្យ និងតាមដានការអភិវឌ្ឍ និងវឌ្ឍនភាពនៃការអនុវត្តកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខាដោយរដ្ឋាភិបាល នៃប្រទេសទាំងបីរួមមាន៖ ផែនការសកម្មភាព និងកម្មវិធីអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការរួម នៅតំបន់ ត្រីកោណអភិវឌ្ឍន៍ ដែលចូលរួមដោះស្រាយដោយគណៈកម្មការចំនួនបី លើវិស័យកិច្ចការបរទេស និង នយោបាយ, វិស័យកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងសង្គម-វប្បធម៌, និងវិស័យសន្តិសុខ និងការពារជាតិ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គណៈប្រតិភូកម្ពុជាដឹកនាំដោយ លោកសួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេសសហប្រតិបត្តិ ការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភាព្រះរាជាណាចក្រកម្ពុជា។ គណៈប្រតិភូឡាវដឹកនាំដោយ លោកសាស្ត្រាចារ្យបណ្ឌិត លីនខាំ ដួនសាវន្ត(Linkham Dounsa vanh) សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាប្រធានគណៈកម្មាធិការសេដ្ឋកិច្ច បច្ចេកវិទ្យា និង បរិស្ថាន នៃរដ្ឋសភាសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

គណៈប្រតិភូវៀតណាមដឹកនាំដោយ លោកវ៉ូ ហៃហា(Vu Hai Ha) សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាប្រធានគណៈកម្មាធិការ កិច្ចការបរទេសនៃរដ្ឋសភា សាធារណរដ្ឋសង្គមនិយមវៀតណាម។

គណៈប្រតិភូបានជួបពិភាក្សា ជាមួយតំណាងខេត្តចំនួន១២ ស្ថិតក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ នៃប្រទេសទាំងបី មានខេត្តក្នុងប្រទេសវៀតណាមចំនួន៤ខេត្ត ប្រទេសកម្ពុជា៤ខេត្ត និងប្រទេសឡាវ៤ខេត្ត។ គណៈប្រតិភូក៏បានទៅទស្សនា គម្រោងអភិវឌ្ឍមួយចំនួននៅតាមបណ្ដាខេត្តនៃប្រទេសទាំងបីផងដែរ។

បន្ទាប់ពីបានពិនិត្យពិភាក្សាគ្នា យ៉ាងយកចិត្តទុកដាក់ ទៅលើសកម្មភាពនៃកិច្ចសហប្រតិបត្តិការរបស់ រដ្ឋាភិបាលនៃប្រទេស CLV-DTA ដែលបាននិងកំពុងសហការគ្នា យ៉ាងជិតស្និទ្ធលើការអនុវត្តកិច្ចព្រមព្រៀង ផែនការសកម្មភាព និងកម្មវិធីសហប្រតិបត្តិការរួមដែលបានព្រមព្រៀង និងចុះហត្ថលេខាជាមួយគ្នា លើវិស័យជាអាទិភាពទាំងបី មានវិស័យកិច្ចការបរទេសនិងនយោបាយ វិស័យសេដ្ឋកិច្ច និងសង្គម-វប្បធម៌ និងវិស័យការពារជាតិ និងសន្តិសុខសាធារណៈ គណៈប្រតិភូសភា កម្ពុជា-ឡាវ-វៀតណាម ក៏បានដាក់ ចេញនូវអនុសាសន៍ និងដំណោះស្រាយចំនួន៩ចំណុច។

ដំណោះស្រាយទាំងនោះរួមមាន៖ ១-ផ្តល់អនុសាសន៍ថា រដ្ឋសភានៃប្រទេស កម្ពុជា-ឡាវ-វៀតណាម (CLV) ត្រូវបន្តត្រួតពិនិត្យ និងតាមដានការអនុវត្តកិច្ចព្រមព្រៀង និងគំនិតផ្តួចផ្តើម អភិវឌ្ឍន៍ដែលបានព្រមព្រៀង និងចុះហត្ថលេខាដោយរដ្ឋាភិបាល CLV។ នេះរួមបញ្ចូលដំណើរទស្សនកិច្ច តំបន់ CLV-DTA យ៉ាងតិចបីខែ មុនកិច្ចប្រជុំកំពូលសភា CLV។ ២.ជំរុញសមាជិកសភាដែលមានមណ្ឌលនៅក្នុងខេត្តនៃតំបន់ DTAធ្វើការផ្លាស់ប្តូរ និងដឹកនាំការគ្រប់គ្រង ត្រួតពិនិត្យនិងរៀបចំឯកសារ អំពីបញ្ហាដែលកំពុងកើតមាន។ បញ្ហាទាំងនេះអាចត្រូវបានដាក់បញ្ជូនទៅកាន់ រដ្ឋសភា និងរដ្ឋាភិបាល CLV ដើម្បីស្វែងរកដំណោះស្រាយ និងវិធានការសមស្រប ព្រមទាំងផ្តល់ អនុសាសន៍ ឱ្យបង្កើតក្រុមមិត្តភាពសភាCLV-DTA ដែលប្រធានក្រុមនឹងត្រូវបានតែងតាំងតាមប្រធានប្តូរវេន។ ក្រុមត្រូវជួបប្រជុំជារៀងរាល់ឆ្នាំ ដើម្បីពិនិត្យការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការនៅក្នុងCLV-DTA។

៣.ជំរុញស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេស CLV ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ លើ វិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ សុខភាពសាធារណៈ ការអប់រំ និងបណ្តុះបណ្តាល ទេសចរណ៍ និងវិស័យផ្សេងៗទៀត ដែលមានសក្តានុពលធំធេង។ ដោយផ្តោតលើកិច្ចប្រឹងប្រែងទាក់ទាញការវិនិយោគនៅតំបន់ CLV-DTA ចែករំលែកព័ត៌មាន រៀបចំ ពិព័រណ៍នៅតំបន់ព្រំដែន ដើម្បីសម្រួលដល់ការផ្លាស់ប្តូរផលិតផលកសិកម្ម និងសិប្បកម្ម ជំរុញការផ្លាស់ប្តូរ វប្បធម៌ និងកីឡា ដើម្បីពង្រឹងសាមគ្គីភាពរវាងប្រជាជន ជាពិសេសយុវជនក្នុងតំបន់ CLV-DTA និងការបង្កើតបរិយាកាសអំណោយផល សម្រាប់សេវាសុខភាពសាធារណៈ ដែលអាចទទួលយកបាន ជាពិសេសផ្តល់អនុសាសន៍ឱ្យវិនិយោគ លើមន្ទីរពេទ្យទូទៅអន្តរជាតិ នៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ។

៤-ផ្តល់អនុសាសន៍ថា រដ្ឋាភិបាលCLV ត្រូវបន្តបញ្ចូលគោលដៅអភិវឌ្ឍន៍CLV-DTA ទៅក្នុង ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន ដោយផ្តល់អាទិភាពលើការបែងចែក ធនធាន ថវិកាជាតិ។ លើសពីនេះ កិច្ចខិតខំប្រឹងប្រែងគួរតែត្រូវបានធ្វើឡើង ដើម្បីកៀរគរមូលនិធិចាំបាច់ពីដៃគូ អភិវឌ្ឍន៍អន្តរជាតិ និងដើម្បីគាំទ្រគម្រោងអភិវឌ្ឍន៍ CLV-DTAជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here