រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្នើឲ្យស្ថាប័នមីក្រូហិរញ្ញវត្ថុបង្កើនការផ្តល់កម្ចី មានអត្រាការប្រាក់ទាប ដល់កសិករ និងអាជីវកម្មក្នុងវិស័យកសិកម្ម

ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកឌិត ទីណាបានស្នើឲ្យស្ថាប័នមីក្រូហិរញ្ញវត្ថុ អាចពិនិត្យលទ្ធភាព និងឱកាសវិនិយោគ តាមរយៈការផ្តល់កម្ចី ដែលមានអត្រាការប្រាក់ទាប ដែលជួយសម្រួល ដល់ការវិនិយោគក្នុងខ្សែច្រវាក់ផលិតកម្ម និងផ្តល់ផលចំណេញទាំងស្ថាប័ន និងកសិករ។

ការស្នើបែបនេះរបស់លោក ឌិត ទីណា និងថ្នាក់ដឹកនាំ បានធ្វើឡើងកាលពីសប្តាហ៍មុននេះ ក្នុងជំនួបជាមួយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងជំនួបនេះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីសារសំខាន់នៃស្ថាប័នមីក្រូហិរញ្ញវត្ថុ ក្នុងការចូលរួមជួយដល់កសិករ និងការអភិវឌ្ឍវិស័យកសិកម្មកម្ពុជា ឱ្យមានភាពរីកចម្រើន ដើម្បីរួមចំណែកលើកស្ទួយសេដ្ឋកិច្ចជាតិ។

លោករដ្ឋមន្ត្រី គោលនយោបាយកសិកម្ម ក្នុងអាណត្តិទី៧នេះ ក្រសួង មានគោលនយោបាយសហគមន៍កសិកម្មថ្មី ដែលមានធនធាន និងទុនគ្រប់គ្រាន់ មានផែនការ ការគ្រប់គ្រង និងទីផ្សារជាក់លាក់ ដែលអាចធ្វើកសិកម្មកម្រិតទ្រង់ទ្រាយធំសម្រាប់នាំចេញ។

ស្ថាប័នមីក្រូហិរញ្ញវត្ថុ អាចពិនិត្យលទ្ធភាព និងឱកាសវិនិយោគ តាមរយៈការផ្តល់កម្ចីដែលមានអត្រាការប្រាក់ទាប ដែលជួយសម្រួលដល់ការវិនិយោគ ក្នុងខ្សែច្រវាក់ផលិតកម្ម និងផ្តល់ផលចំណេញទាំងស្ថាប័ន និងកសិករ។

ភាគីទាំងពីរបានលើកឡើង អំពីការបន្តកិច្ចសហការបន្ថែមទៀតដើម្បីជួយដល់កសិករ និងពិនិត្យលទ្ធភាព ក្នុងការចែករំលែកទិន្នន័យកសិកម្ម ទីផ្សារ និងព័ត៌មានពាក់ព័ន្ធការងារកសិកម្ម ជំរុញការងារធានារ៉ាប់រងកសិកម្ម និងការផ្សព្វផ្សាយព័ត៌មាន ឱ្យបានដល់ប្រជាកសិករ។

យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា គិតត្រឹមឆមាសទី១ឆ្នាំ ២០២៣នេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បានផ្តល់កម្ចីដល់អតិថិជន មានទំហំទឹកប្រាក់៤០ទ្រីលានរៀល (៩,៧ពាន់លានដុល្លារ) មានកំណើន១៤,៨% ដែលទាបជាងអត្រាកំណើន កាលពីគ្រាដូចគ្នាកាលពីឆ្នាំមុន១៦,២%។

វិស័យដែលមានកំណើនខ្ពស់ជាងគេ រួមមាន កម្មន្តសាល ៣០,៨%, អង្គភាពគ្រួសារ១៨,៤%, ពាណិជ្ជកម្ម និងជំនួញ១៥%, សំណង់ ១៤% និងកសិកម្មមាន១៣,២%៕

LEAVE A REPLY

Please enter your comment!
Please enter your name here