ដោយ: គង់ លាងហួរ
សិង្ហបុរី: ផ្សារហ៊ុននៅតំបន់អាស៊ីបានធ្លាក់ថ្លៃចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជាង១១ខែនៅថ្ងៃអង្គារនេះ មុនពេលចេញផ្សាយទិន្នន័យសេដ្ឋកិច្ចអាមេរិក ដែលអាចផ្តល់តម្រុយលើគោលនយោបាយអត្រាការប្រាក់របស់ធនាគារFed។
សន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិកដ៏ធំបំផុតរបស់ក្រុមហ៊ុន MSCI នៅខាងក្រៅប្រទេសជប៉ុនបានធ្លាក់ថ្លៃ០,២៨ភាគរយដល់៤៧៣,៣៧ពិន្ទុ ដែលជាកម្រិតទាបបំផុតមិនធ្លាប់មានចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២២ ខណៈផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានធ្លាក់ថ្លៃជិត១ភាគរយ។
ផ្សារហ៊ុនចិននៅតែស្ថិតក្រោមសម្ពាធ ដោយសន្ទស្សន៍ Shanghai Composite Index បានងើបឡើង០,៣២ភាគរយ ខណៈសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ហុងកុងបានធ្លាក់ថ្លៃ០,៥ភាគរយ។
សន្ទស្សន៍ផ្សារហ៊ុន Blue-chip CSI300 របស់ប្រទេសចិនបានងើបឡើង០,២% បន្ទាប់ពីបានបិទនៅកម្រិតទាបបំផុតក្នុងរយៈពេល៤ឆ្នាំកន្លះកាលពីថ្ងៃចន្ទម្សិលមិញ។
ផលប័ត្រនៅលើប័ណ្ណរតនាគាររយៈពេល១០ឆ្នាំរបស់សហរដ្ឋអាមេរិកបានកើនឡើងលើសពី៥,០ភាគរយក្នុងរយៈពេលដ៏ខ្លីកាលពីថ្ងៃចន្ទ មុនពេលធ្លាក់ចុះយ៉ាងឆាប់រហ័សមកវិញ។
នៅក្នុងទីផ្សាររូបិយប័ណ្ណ ប្រាក់ដុល្លារអាមេរិកបានធ្លាក់ថ្លៃចុះធៀបនឹងកញ្ចប់រូបិយប័ណ្ណសំខាន់ៗ ដោយបានធ្លាក់ថ្លៃជាង០,៥ភាគរយកាលពីថ្ងៃចន្ទ។ សន្ទស្សន៍ប្រាក់ដុល្លារបានធ្លាក់ថ្លៃ០,០៣៨ភាគរយមកនៅត្រឹម១០៥,៥៧ពិន្ទុនៅថ្ងៃអង្គារនេះ។
តម្លៃប្រេងបានកើនឡើងនៅថ្ងៃអង្គារនេះ ខណៈអ្នកវិនិយោគនៅតែមានការភ័យខ្លាចថា សង្រ្គាមរវាងអុីស្រាអែល និងក្រុមហាម៉ាស់អាចរាលដាលទៅជាជម្លោះកាន់តែធំនៅក្នុងតំបន់មជ្ឈឹមបូព៌ា ដែលបណ្តាលឱ្យមានការរំខានដល់ការផ្គត់ផ្គង់ប្រេង។
តម្លៃប្រេងឆៅ Brent futures បានកើនឡើង៧០សេន ឬ០,៨ភាគរយដល់៩០,៥៣ដុល្លារក្នុងមួយបារ៉ែលត្រឹមម៉ោងសកល 0032 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate futures បានកើនឡើង៧១សេនដល់៨៦,២០ដុល្លារក្នុងមួយបារ៉ែល។