ប្រទេសថៃកំណត់គោលដៅបង្កើនទំហំពាណិជ្ជកម្មឆ្លងព្រំដែនដល់ទឹកប្រាក់ជាង៣២ពាន់លានដុល្លារ នៅឆ្នាំ២០២៤

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រសួងពាណិជ្ជកម្មថៃបានកំណត់គោលដៅប្រកបដោយមហិច្ឆិតា ក្នុងការបង្កើនទំហំពាណិជ្ជកម្មឆ្លងព្រំដែនដល់១,២ពាន់ពាន់លានបាត(ប្រហែល៣២,៣៤ពាន់លានដុល្លារ) ក្នុងឆ្នាំ២០២៤ ដែលតំណាងឱ្យកំណើន២០%បើធៀបនឹងទឹកប្រាក់ប្រមាណ១ពាន់ពាន់លានបាតនៅឆ្នាំនេះ។

យោងតាមលោក Napintorn Srisunpang អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ ដែលទទួលបន្ទុកត្រួតពិនិត្យនាយកដ្ឋានអភិវឌ្ឍន៍ពាណិជ្ជកម្ម នាយកដ្ឋានចរចាពាណិជ្ជកម្ម និងនាយកដ្ឋានពាណិជ្ជកម្មបរទេសបានឱ្យដឹងថា ក្រសួងគ្រោងនឹងសម្រេចឱ្យបានគោលដៅនេះ ដោយជំរុញផលិតផលសហគមន៍ផ្សេងៗ ផលិតផលសម្គាល់ភូមិសាស្ត្រ និងសិទ្ធិផ្តាច់មុខ។

លោក Napintorn បានបន្តថា ក្រសួងក៏នឹងរៀបចំការតាំងពិព័រណ៍ និងព្រឹត្តិការណ៍ផ្គូផ្គងពាណិជ្ជកម្ម ដោយអញ្ជើញមន្ត្រីមកពីប្រទេសជិតខាង និងសមាគមពាណិជ្ជកម្មបរទេស ដើម្បីពិភាក្សាអំពីវិធីកាត់បន្ថយរបាំងពាណិជ្ជកម្ម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយគ្នានេះ ក្រុមមន្ត្រីចរចារពាណិជ្ជកម្មរបស់ប្រទេសថៃត្រូវបានចាត់តាំងឱ្យជួបជាមួយសមភាគីកម្ពុជា ម៉ាឡេស៊ី ឡាវ ចិន និងប្រទេសអង់គ្លេស តាមរយៈគណៈកម្មាធិការពាណិជ្ជកម្មរួម ដើម្បីពន្លឿនការដោះស្រាយរបាំងពាណិជ្ជកម្ម និងការពង្រីកទីផ្សារ។

លោកបន្ថែមថា “ទោះបីជានៅតែមានការព្រួយបារម្ភអំពីអំណាចនៃការទិញរបស់ប្រទេសជិតខាងដូចជាកម្ពុជា មីយ៉ាន់ម៉ា និងឡាវយ៉ាងណាក្តី ប៉ុន្តែយើងជឿជាក់ថា ទំនិញប្រើប្រាស់របស់ថៃនៅតែពេញនិយមនៅទីនោះដោយផ្អែកលើគុណភាព និងតម្លៃសមរម្យហើយយើងក៏នឹងជំរុញពាណិជ្ជកម្មឆ្លងព្រំដែនជាមួយចិនផងដែរ”។

លោក Napintorn បានអះអាងថា នាយកដ្ឋានពាក់ព័ន្ធនានាត្រូវបានបញ្ជាឱ្យធ្វើការរួមគ្នាដើម្បីលើកកម្ពស់កំណើននៃសហគ្រាសធុនតូច និងមធ្យម (SMEs) និងបង្កើនសមត្ថភាពនាំចេញរបស់ពួកគេ។

លោក Napintorn បានបញ្ជាក់ថា ខណៈដែលសហគ្រាសធុនតូច និងមធ្យមនៅក្នុងបណ្តាប្រទេសអភិវឌ្ឍន៍បានរួមចំណែកពី៤០ទៅ៥០% នៃផលិតផលក្នុងស្រុកសរុប ប៉ុន្តែការរួមចំណែកពីសហគ្រាសធុនតូច និងមធ្យមចំពោះផលិតផលក្នុងស្រុកសរុបរបស់ថៃមានត្រឹមតែ៣៤%ប៉ុណ្ណោះ។

លោកបានបន្តថា “ដូច្នេះយើងចង់បង្កើនប្រាក់ចំណូលពីការនាំចេញរបស់សហគ្រាសធុនតូច និងមធ្យម ដើម្បីធ្វើឱ្យការរួមចំណែករបស់សហគ្រាសធុនតូច និងមធ្យម ដល់ផលិតផលក្នុងស្រុកសរុបរបស់ថៃកើនដល់៣៥,២%”។

លោក Napintorn បានលើកឡើងកាលពីសប្តាហ៍មុនថា លោកបានចាត់ឱ្យនាយកដ្ឋានចរចាពាណិជ្ជកម្ម ពន្លឿនការបញ្ចប់ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មី (FTAs) រួមទាំងជាមួយសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប សហភាពអឺរ៉ុប អេមីរ៉ាតអារ៉ាប់រួម និងស្រីលង្កា ខណៈពេលដែលថៃក៏កំពុងចាប់ផ្តើមកិច្ចចរចាជាមួយដៃគូថ្មីៗដូចជា ប៊ូតាន កូរ៉េខាងត្បូង និងអុីស្រាអែលផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here