ឱនភាពថវិការបស់អាមេរិក ហក់ឡើងជិតដល់១,៧ទ្រីលានដុល្លារ ខណៈការចំណាយលើសន្តិសុខសង្គម និងថែទាំវេជ្ជសាស្ត្រកើនឡើង

សុខុម
សិង្ហបុរីៈ រដ្ឋាភិបាលអាមេរិក គិតមកទល់នឹងថ្ងៃសុក្រ ទី២០ ខែតុលា មានឱនភាពថវិកាចំនួន១,៦៩៥ទ្រីលានដុល្លារ ក្នុងឆ្នាំសារពើពន្ធ២០២៣។ នេះបើយើងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃសៅរ៍ ទី២១ ខែតុលា។

តួលេខនេះបង្ហាញពីកំណើន២៣%បើធៀបនឹងឱនភាពថវិកាក្នុងឆ្នាំសារពើពន្ធ២០២២ ខណៈប្រាក់ចំណូលធ្លាក់ចុះ ហើយការចំណាយលើសន្តិសុខសង្គម ការថែទាំវេជ្ជសាស្ត្រ និងអត្រាការប្រាក់លើបំណុលសហព័ន្ធកើនឡើងខ្លាំង។

ក្រសួងរតនាគារអាមេរិក និយាយថា ឱនភាពថវិកានេះគឺមានទំហំធំបំផុតចាប់តាំងពីវិបត្តិកូវីដ-១៩ បានធ្វើឱ្យមានគម្លាតចំនួន២,៧៨ទ្រីលានដុល្លារ ក្នុងឆ្នាំ២០២១។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ឱនភាពថវិកានេះកើតមានឡើងខណៈប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន កំពង់ស្នើឱ្យរដ្ឋសភាអនុម័តកញ្ចប់ថវិកាថ្មីចំនួន១០០ពាន់លានដុល្លារ សម្រាប់ជំនួយបរទេស និងការចំណាយលើសន្តិសុខ ដោយក្នុងនោះចំនួន៦០ពាន់លានដុល្លារ សម្រាប់ជួយដល់អ៊ុយក្រែន និង១៤ពាន់លានដុល្លារ សម្រាប់ជួយដល់អុីស្រាអែល រួមជាមួយនឹងការចំណាយសម្រាប់សន្តិសុខព្រំដែនរបស់សហរដ្ឋអាមេរិក និងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ផងដែរ។

ឱនភាពថវិកាដ៏ធំនេះទំនងជាធ្វើឱ្យលោក ចូ បៃឌិន កាន់តែលំបាកតស៊ូមតិជាមួយក្រុមសាធារណរដ្ឋនៅក្នុងសភាដែលទាមទារឱ្យកាត់បន្ថយការចំណាយ ខណៈស្ថានភាពបានរុញច្រានឱ្យសហរដ្ឋអាមេរិក ស្ទើតែខកខានទូទាត់បំណុលរបស់ខ្លួនកាលពីដើមខែមិថុនា ដោយសារបំណុលរបស់រដ្ឋាភិបាលអាមេរិក ឈានដល់កម្រិតពិដាន៕ Reuters ៕

LEAVE A REPLY

Please enter your comment!
Please enter your name here