អាល្លឺម៉ង់សន្យាផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ៦៦លានដុល្លារ ដើម្បីលើកកម្ពស់ កិច្ចអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា

ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ រដ្ឋាភិបាលអាល្លឺម៉ង់ បានសន្យាផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ៦៣លានអឺរ៉ូ ស្មើនឹងប្រមាណ៦៦លានដុល្លារ សម្រាប់ឆ្នាំ២០២៣-២០២៤ ដើម្បីគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ កិច្ចអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា ខណៈភាគីទាំង២ បានឯកភាពបន្តកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍លើវិស័យមួយចំនួនផងដែរ។

ការផ្តល់ហិរញ្ញប្បទាននេះធ្វើឡើងអំឡុងពេលតំណាងជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា និងតំណាងរដ្ឋាភិបាលអាល្លឺម៉ង់ បានបើកកិច្ចចរចាស្ដីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ កាលពីថ្ងៃទី១៧-១៨ ខែតុលា ឆ្នាំ២០២៣ នៅទីក្រុងបោននៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។ នេះបើតាម សេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវិឌ្ឍន៍កម្ពុជាស្តីពីលទ្ធផលនោះ។

ប្រតិភូកម្ពុជាដឹកនាំដោយលោក ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈប្រតិភូកម្ពុជា អមដោយលោកឯកអគ្គរាជទូតនៃប្រទេសកម្ពុជាប្រចាំនៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងមានការចូលរួមពីតំណាងជាន់ខ្ពស់ក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាលចំនួន១០។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រសួងទាំងនោះរួមមាន ក្រសួងមហាផ្ទៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, ក្រសួងពាណិជ្ជកម្ម, ក្រសួងសុខាភិបាល, ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ, និងធនាគារជាតិនៃកម្ពុជា។

ចំណែកប្រតិភូអាល្លឺម៉ង់ដឹកនាំដោយ លោក Andreas Pfeil ប្រធានផ្នែកអាស៊ីបូព៌ា និងអាស៊ីអាគ្នេយ៍នៃក្រសួងសហព័ន្ធអាល្លឺម៉ង់ សម្រាប់សហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ (BNZ) និងមានការចូលរួមពីលោកស្រី Bürbel Kofler សមាជិកសភានៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។

គោលដៅចម្បងនៃកិច្ចចរចានេះគឺទី១ ពិនិត្យវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការទ្វេភាគី ទី២ ពិភាក្សាលើវិស័យអាទិភាពនានា នៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទ្វេរភាគីទាំងទិដ្ឋភាពបច្ចេកទេស និងទិដ្ឋភាពនយោបាយ និង ទី៣ តម្រង់ទិសកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នាពេលអនាគត។ លទ្ធផលនៃកិច្ចចរចានេះភាគីអាល្លឺម៉ង់បានវាយតម្លៃខ្ពស់ និងចាត់ទុក ប្រទេសកម្ពុជាជាដៃគូសំខាន់ ក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍របស់ប្រទេសអាល្លឺម៉ង់។

ប្រភពដដែលបន្តថា ភាគីទាំងពីរបានឯកភាពក្នុងការបន្តកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍លើវិស័យអាទិភាពចំនួន៣រួមមាន ទី១ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព ទី២ សុខាភិបាលនិងគាំពារសង្គម និង ទី៣ ថាមពល និងអាកាសធាតុ និងវិស័យផ្សេងៗទៀត ដែលមានសង្គតិភាពជាមួយនឹងអាទិភាពនៃកិច្ចអភិវឌ្ឍន៍ជាតិ ដូចមានចែងនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១និងរបៀបវារៈឆ្នាំ២០៣០របស់ប្រទេសអាល្លឺម៉ង់។

បើតាមក្រុមប្រឹក្សាអភិវិឌ្ឍន៍កម្ពុជាបញ្ជាក់ថា៖«ភាគីអាល្លឺម៉ង់បានសន្យាផ្តល់ហិរញ្ញប្បទានឥតសំណង ប្រមាណ៦៣លានអឺរ៉ូ ទាំងកិច្ចសហប្រតិបត្តិការផ្នែកហិរញ្ញវត្ថុ និងកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកទេស សមមូលនឹងប្រមាណ៦៦លានដុល្លារអាមេរិក សម្រាប់ឆ្នាំ២០២៣-២០២៤ ដើម្បីគាំទ្ររាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់កិច្ចអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here