ដោយ: គង់ លាងហួរ
ស៊ីដនី: ផ្សារហ៊ុននៅតំបន់អាស៊ីបានធ្លាក់ថ្លៃនៅថ្ងៃចន្ទនេះ ដោយសារហានិភ័យនៃជម្លោះកាន់តែទូលំទូលាយនៅតំបន់មជ្ឈិមបូព៌ាបានគ្របដណ្តប់លើអារម្មណ៍របស់អ្នកវិនិយោគ គួបផ្សំនឹងទិន្នន័យអតិផរណា និងសេដ្ឋកិច្ចអាមេរិកដែលគ្រោងចេញផ្សាយនៅសប្តាហ៍នេះ។
នៅព្រឹកថ្ងៃចន្ទនេះ ផ្សារហ៊ុនS&P 500futures និងផ្សារហ៊ុន Nasdaq futures បានងើបឡើង០,៣ភាគរយ ទោះបីជាផលបត្ររតនាគាររយៈពេល១០ឆ្នាំរបស់សហរដ្ឋអាមេរិកបានកើនឡើងដល់៤,៩៤៦ភាគរយ និងកំពុងវិលត្រលប់ទៅកាន់កម្រិតខ្ពស់បំផុត៥,០ភាគរយវិញយ៉ាងណាក្តី។
សន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិកដ៏ធំបំផុតរបស់ក្រុមហ៊ុន MSCI នៅខាងក្រៅប្រទេសជប៉ុនបានធ្លាក់ថ្លៃ០,១% មកនៅត្រឹមកម្រិតទាបបំផុតក្នុងរយៈពេលជិតមួយឆ្នាំ។
ជាមួយគ្នានេះ ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ០,៤ភាគរយ ដូចទៅនឹងផ្សារហ៊ុនរបស់ប្រទេសកូរ៉េខាងត្បូងដែរ។
តម្លៃប្រេងបានធ្លាក់ចុះនៅថ្ងៃចន្ទនេះ ខណៈដែលក្បួនរថយន្តជំនួយបានចាប់ផ្តើមមកដល់តំបន់ហ្គាហ្សាស្ទ្រីបកាលពីចុងសប្តាហ៍ ស្របពេលមានកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតដើម្បីទប់ស្កាត់ជម្លោះរវាងអុីស្រាអែល និងក្រុមអុីស្លាមប៉ាឡេស្ទីន Hamas ពីការរីករាលដាលដល់តំបន់មជ្ឈឹមបូព៌ាទាំងមូល។
តម្លៃប្រេងឆៅ Brent futuresបានធ្លាក់ចុះ៦០សេនដល់៩១,៥៦ដុល្លារក្នុងមួយបារ៉ែល ហើយតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate futures បានធ្លាក់ចុះ៦១សេនដល់៨៧,៤៧ដុល្លារក្នុងមួយបារ៉ែលនៅម៉ោងសកល 0038 GMT។
សន្ទស្សន៍ប្រាក់ដុល្លារអាមេរិកបានងើបឡើងថ្លៃ០,០២ភាគរយដល់១០៦,១៩ពិន្ទុ ដោយប្រាក់អឺរ៉ូបានធ្លាក់ថ្លៃចុះ០,០៧ភាគរយនៅត្រឹម១,០៥៨៦ដុល្លារក្នុងមួយអឺរ៉ូ។ចំណែក ប្រាក់យ៉េនរបស់ជប៉ុនបានជួញដូរចុងក្រោយនៅតម្លៃ១៤៩,៨៣យ៉េន ក្នុងមួយដុល្លារ។