ចំណូលពីតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុចាក់ចូល សេដ្ឋកិច្ចខេត្ត១០លានដុល្លារក្នុងមួយខែ

        ដោយៈ គង់ ហ្វីអូណា

        ព្រះសីហនុៈ ​តំបន់​សេដ្ឋកិច្ច​ពិសេស នៅ​ខេត្តព្រះសីហនុ ជាក្បាលម៉ាស៊ីនដើម្បីជំរុញ​កំណើន ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ខេត្តភាគនិរតី​មួយ​នេះ។

លើកឡើង​នៅ​ក្នុ​ងកិច្ចប្រជុំមួយ​ ជាមួយ​ថ្នាក់ដឹកនាំ​តំបន់​សេដ្ឋកិច្ចពិសេស​ក្រុង​ព្រះសីហនុ ​កាលពី​ពេល​ថ្មីៗ​នេះ លោក​គួច ចំរើន អភិបាល​ខេត្ត​ព្រះសីហនុ​បាន​ឲ្យ​​ដឹង​ថា ​ដំណើរការ​តំបន់​សេដ្ឋកិច្ច​ពិសេស​​ក្រុង​ព្រះសីហនុ​ បាន​រួមចំណែកក្នុងការលើកកម្ពស់សេដ្ឋកិច្ចដល់បុគ្គលិក កម្មករ និងស្រូបយកថវិកា ក្នុងមួយខែជាង១០លានដុល្លារអាមេរិក ចូលក្នុង​សហគមន៍​មូលដ្ឋានប្រជាពលរដ្ឋ ហើយ​ដែល​បាន​​ធ្វើការបង្វិលចូល​ ដល់​ការអភិវឌ្ឍ​ដល់​ខេត្តព្រះសីហនុ។

លោកអភិបាល​ខេត្ត​បាន​អះអាងថា ​តំបន់សេដ្ចកិច្ចពិសេសក្រុងព្រះសីហនុ គឺ​ជាក្បាលម៉ាស៊ីនសម្រាប់ជំរុញកំណើន ​អភិវឌ្ឍ​សេដ្ឋកិច្ច​ខេត្តព្រះសីហនុ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Liu Lianchi អគ្គនាយករងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបាន​បញ្ជាក់ថា បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេស​ក្រុង​ព្រះសីហនុ បាន​​ទាក់ទាញសហគ្រាសចំនួន១៧៥ គិតត្រឹម៩ខែ ដើមឆ្នាំ២០២៣ ហើយ​ទំហំការនាំចេញ នាំចូលមានការកើនឡើង២០ភាគរយ។

លោកបានលើកឡើងពី​ការគាំទ្រ របស់រាជរដ្ឋាភិបាលកម្ពុជា ជា​ពិសេសរដ្ឋបាលខេត្តព្រះសីហនុ ដល់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែល​បាន​ធ្វើតំបន់មានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។

យ៉ាងណាមិញ លោក Liu Lianchi ក៏លើកឡើង​ពី​បញ្ហា​ប្រឈម​​ក្នុង​ការ​ជំរុញ​ការ​វិនិយោគ ​ដូចជា ​តម្លៃ​អគ្គិសនី ការដឹកជញ្ជូននៅតែខ្ពស់ ទន្ទឹមនោះក៏​ជួបបញ្ហាតម្លៃ​ទឹកស្អាតមានការឡើងថ្លៃ ដោយ​ស្នើ​ឲ្យ​អភិបាលជួយសម្របសម្រួល។

ឆ្លើយតប​ការ​លើកឡើង​នេះ លោក គួច ចំរើន​ បាន​បង្ហាញ​ពីគោលនយោបាយ​របស់​រាជរដ្ឋាភិបាល អាណត្តិទី៧ លើ​ការ​លើកទឹកចិត្តដល់អ្នកវិនិយោគ ក្នុងនោះក៏​មាន​ការកាត់បន្ថយថ្លៃ​អគ្គិសនី ដើម្បីចូលរួមចំណែកកសាងសេដ្ឋកិច្ចកម្ពុជា ​ក្រោយបញ្ចប់​ពី​វិបត្តិ​កូវីដ​១៩។

នៅ​ក្នុងឱកាសដឹកនាំកិច្ច ប្រជុំដោះស្រាយករណីតម្លៃថ្លៃប្រើប្រាស់ទឹកស្អាតរបស់ក្រុមហ៊ុនអានកូ វ៉ធើរ សឹបផ្លាយ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលក្រុង ស្រុក ប្រធានមន្ទីរពាក់ព័ន្ធ​នៅសាលាខេត្តព្រះសីហនុ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបាន​គូស​បញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ មាន​គោល​នយោបាយ​​បញ្ចុះថ្លៃ​អគ្គិសនី និង​ទឹកស្អាត​ក៏​មិន​ត្រូវ​ឡើង​ថ្លៃ​ដែរ ព្រោះតំបន់សេដ្ចកិច្ចពិសេសក្រុងព្រះសីហនុ ជាក្បាលម៉ាស៊ីនជំរុញ​កំណើន ​ដល់ការអភិវឌ្ឍ​សេដ្ឋកិច្ច នៅព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាសម្រាប់ខេត្តព្រះសីហនុ៕

LEAVE A REPLY

Please enter your comment!
Please enter your name here