ប្រធានាធិបតីចិនប្រកាសផែនការបោះទុនវិនិយោគថ្មីជាង១០០ពាន់លានអាមេរិកសម្រាប់គម្រោងខ្សែក្រវ៉ាត់ និងផ្លូវ

ដោយ: គង់ លាងហួរ

ប៉េកាំង: ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានសន្យាថា ក្រុមហ៊ុនបរទេស កាន់តែអាចចូលទៅកាន់ទីផ្សារ ដ៏ធំរបស់ប្រទេសចិន និងផ្តល់ហិរញ្ញប្បទានថ្មីជាង១០០ពាន់លានដុល្លារ សម្រាប់ប្រទេសកំពុងអភិវឌ្ឍផ្សេងទៀត ខណៈដែលលោកបានបើកវេទិកាមួយកាលពីថ្ងៃពុធស្តីពីគំនិតផ្តួចផ្តើម ហេដ្ឋារចនាសម្ព័ន្ធខ្សែក្រវ៉ាត់ និងផ្លូវ។

នៅក្នុងពិធីបើកវេទិកាខ្សែក្រវ៉ាត់ និងផ្លូវនៅសាលប្រជុំប្រជាជន លោក ស៊ីបានសន្យាថា ធនាគារអភិវឌ្ឍន៍ ដែលគាំទ្រដោយរដ្ឋចិនចំនួន២គឺ ធនាគារអភិវឌ្ឍន៍ចិន និងធនាគារនាំចេញ-នាំចូលរបស់ចិន នឹងរៀបចំថវិកាផ្តល់ហិរញ្ញប្បទាន ចំនួន៣៥០ពាន់លានយ័ន (៤៧,៩ពាន់លានដុល្លារអាមេរិក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំណែក ទឹកប្រាក់បន្ថែម៨០ពាន់លានយ័ន CNY (ប្រហែល១១ពាន់លានដុល្លារ) នឹងត្រូវបានវិនិយោគ នៅក្នុងមូលនិធិផ្លូវសូត្ររបស់ទីក្រុងប៉េកាំង ដើម្បីគាំទ្រគម្រោង BRI។

លោកស៊ី ជីនពីង បានថ្លែងថា “យើង​នឹង​ដក​ចេញ​ទាំងស្រុង​នូវ​ការ​រឹតត្បិត​ លើ​ការ​ចូល​ទៅ​វិនិយោគ ​របស់ក្រុមហ៊ុនបរទេស​នៅក្នុង​វិស័យ​ផលិតកម្ម”។

លោកបានបន្តថា ប្រទេសចិននឹងបើកចំហបន្ថែមទៀត នូវពា​ណិ​ជ្ជកម្មឆ្លងព្រំដែន ការវិនិយោគលើសេវាកម្ម ពង្រីកទីផ្សារសម្រាប់ផលិតផលឌីជីថល និងអនុវត្តកំណែទម្រង់សហគ្រាសរដ្ឋ និងកំណែទម្រង់ក្នុងវិស័យនានា ដូចជា សេដ្ឋកិច្ចឌីជីថល សិទ្ធិកម្មសិទ្ធិបញ្ញា និងលទ្ធកម្មរបស់រដ្ឋាភិបាល។

ការ​ប្តេជ្ញាចិត្តគាំទ្រ​យ៉ាង​ខ្លាំង​ក្លាបែបនេះ របស់ទីក្រុង​ប៉េកាំង​បានធ្វើឡើង​ ស្របពេល​ដែល​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន ​បាន​ធ្លាក់​ចុះ ហើយ​ការ​វិនិយោគ​បរទេស​ក៏បាន​ធ្លាក់​ចុះផងដែរ។

លោកស៊ី ជីនពីង ក៏បានថ្លែងបញ្ឆិតបញ្ឆៀង អំពីកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ដើម្បីកាត់បន្ថយការពឹងផ្អែករបស់ពួកគេ មកលើខ្សែសង្វាក់ផលិតកម្ម និងការផ្គត់ផ្គង់របស់ចិនផងដែរ ស្របពេលមានការប្រកួតប្រជែងកាន់តែខ្លាំង និងភាពតានតឹងផ្នែកការទូត ព្រមទាំងបានអះអាងឡើងវិញនូវការប្តេជ្ញាចិត្តថា ទីក្រុងប៉េកាំងនឹងបង្កើតបរិយាកាស កាន់តែយុត្តិធម៌សម្រាប់ក្រុមហ៊ុនបរទេស។

លោកស៊ី ជីនពីងបានបញ្ជាក់អះអាងថា “យើងមិនចូលរួមក្នុងការប្រឈមមុខដាក់គ្នាខាងមនោគមវិជ្ជា ល្បែងភូមិសាស្ត្រនយោបា​យ ឬការប្រឈមមុខដាក់គ្នាផ្នែកនយោបាយឡើយ”។ លោកបន្ថែមថា “យើងប្រឆាំងនឹងការដាក់ទណ្ឌកម្ម ដោយឯកតោភាគី ការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ច ព្រមទាំងការកាត់ផ្តាច់ និងការបំបែកខ្សែសង្វាក់”៕

LEAVE A REPLY

Please enter your comment!
Please enter your name here