Bitcoin ហក់ឡើងថ្លៃលើស៣០.០០០ដុល្លារក្នុងមួយកាក់ ជាលើកដំបូង

ដោយៈ តែម សុខុម

ក្រុងឡុងដ៍: រូបិយប័ណ្ណគ្រីបតូ Bitcoin កាលពីថ្ងៃសុក្រ ទី២០ ខែតុលា បានហក់ឡើងថ្លៃខ្ពស់ជាង៣០.០០០ដុល្លារ ក្នុងមួយកាក់ជាលើកដំបូងចាប់តាំងពីខែកក្កដា ដោយហក់ឡើងថ្លៃ១០% ធៀបនឹងសប្ដាហ៍កន្លងទៅ។

Bitcoin ដែលជារូបិយប័ណ្ណឌីជីថល ឬ គ្រីបតូធំបំផុតរបស់ពិភពលោក បានហក់ឡើងថ្លៃឈានដល់៣០.០២២ដុល្លារ ដែលជាតម្លៃខ្ពស់បំផុតមិនធ្លាប់មាន ចាប់តាំងពីថ្ងៃទី២៣ ខែកក្កដា មក។

រូបិយប័ណ្ណ Bitcoin មានភាពល្បីល្បាញយ៉ាងខ្លាំង ដោយសារតម្លៃរបស់វាប្រែប្រួលឡើងចុះមិនទៀង និងភាពពិបាកប៉ាន់ស្មាននៃទីផ្សាររបស់វា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទីផ្សារ Bitcoin មានភាពច្របូកច្របល់ ជាពិសេសនៅសប្តាហ៍នេះ ខណៈបណ្ដាអ្នកវិនិយោគ កំពុងរង់ដំណឹងអំពីជោគវាសនានៃការដាក់ពាក្យស្នើ ទៅគណៈកម្មការមូលបត្រអាមេរិក (SEC) សុំចូលជាសមាជិកនៃទីផ្សារប្ដូរប្រាក់ETF ដែលប្រើប្រាស់ដោយក្រុមហ៊ុនហិរញ្ញវត្ថុធំៗរួមទាំងក្រុមហ៊ុន BlackRock ផងដែរ។

ក្រុមអ្នកវិនិយោ​គលើគ្រីបតូបានលើកឡើងថា ការអនុម័តយល់ព្រមលើពាក្សស្នើសុំបែបនេះ អាចធ្វើឱ្យមានការវិនិយោគថ្មីៗយ៉ាងច្រើន លើរូបិយប័ណ្ណ Bitcoin។

រូបិយប័ណ្ណ Bitcoin បានហក់ឡើងថ្លៃខ្ពស់បំផុត មិនធ្លាប់មានឈានដល់៦៨.៩៩១ដុល្លារ ក្នុងមួយកាក់អំឡុងខែវិច្ឆិកា ឆ្នាំ២០២១​។ ទោះជាយ៉ាងណា ដោយសារបណ្ដាអ្នកវិនិយោគ កាន់តែមានការប្រុងប្រយ័ត្នជាងមុន ចំពោះហានិភ័យរបស់ Bitcoin រូបិយប័ណ្ណគ្រីបតូមួយនេះ បានធ្លាក់ថ្លៃជាង៧០% ស្ទើរមិនគួរឱ្យជឿមកនៅត្រឹម១៨.៧៤០ដុល្លារ អំឡុងខែមិថុនា ឆ្នាំ២០២២៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here