ក្រុមហ៊ុនចម្រាញ់ប្រេងខ្នាតយក្សAramco គ្រោងពង្រីកការវិនិយោគលើវិស័យប្រេង និងឧស្ម័ននៅវៀតណាម

ដោយ: គង់ លាងហួរ
រីយ៉ាដ: នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chính បានទទួលជួបមេដឹកនាំ ក្រុមហ៊ុនចម្រាញ់ប្រេងខ្នាតយក្ស Aramco និងមូលនិធិអារ៉ាប៊ីសាអូឌីត សម្រាប់ការអភិវឌ្ឍនៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីតកាលពីថ្ងៃព្រហស្បតិ៍។

កិច្ចប្រជុំ​នេះ​បាន​ធ្វើឡើង​ជា​ផ្នែក​មួយ ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​Pham Minh Chính ទៅកាន់​ប្រទេស​អារ៉ាប៊ីសាអូឌីត ​ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​ សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (អាស៊ាន) – ក្រុមប្រឹក្សា​សហប្រតិបត្តិការ​ឈូងសមុទ្រ (GCC) និង​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​នេះ។

ក្នុងជំនួបនោះ អនុប្រធានប្រតិបត្តិនៃក្រុមហ៊ុន Aramco លោក Yasser M.Mufti បានសម្តែងក្តីសង្ឃឹម របស់ក្រុមហ៊ុនរបស់លោក ក្នុងការមានឱកាសវិនិយោគ នៅប្រទេសវៀតណាម ដែលកំពុងធ្វើការកសាងរោងចក្រគីមីឥន្ធនៈថ្មីមួយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានស្នើឱ្យរដ្ឋាភិបាលវៀតណាម បង្កើតលក្ខខណ្ឌសម្រា ប់ក្រុមហ៊ុន Aramco ដើម្បីពង្រីកការវិនិយោគក្នុងប្រទេសនេះ ដោយដំបូងឡើយអនុញ្ញាត ឲ្យក្រុមបច្ចេកទេសរបស់ក្រុមហ៊ុន មកស្ទាបស្ទង់ទីផ្សារ។

ជាការឆ្លើយតប លោកនាយករដ្ឋមន្ត្រីវៀតណាម បានស្វាគមន៍ចំពោះផែនការរបស់ Aramco ក្នុងការវិនិយោគលើវិស័យប្រេង និងឧស្ម័នរបស់វៀតណាម ជាពិសេសគម្រោងគីមីឥន្ធនៈសំខាន់ៗ ព្រមទាំងសហការក្នុងការជួញដូរប្រេង ឧស្ម័ន និងផលិតផលគីមីឥន្ធនៈ ដូចជាប្រេងឆៅ ឧស្ម័នរាវ ប្លាស្ទិក និងជី។

លោកបានអំពាវនាវដល់ក្រុមហ៊ុន Aramco ផ្តល់លក្ខខណ្ឌសម្រាប់ក្រុមហ៊ុនរដ្ឋវៀតណាម Petrovietnam ដើម្បីអាចចូលរួមក្នុងការផ្គត់ផ្គង់សេវា​ប្រេង និង​ឧស្ម័ននៅអារ៉ាប៊ីសាអូឌីត ស្វែងរកគម្រោងធំៗដើម្បីវិនិយោគរួមគ្នា និងជួយបណ្តុះបណ្តាលធនធានមនុស្សសម្រាប់វិស័យប្រេង និងឧស្ម័ន។

នៅក្នុងកិច្ចប្រជុំដាច់ដោយឡែកមួយទៀត នាយកប្រតិបត្តិនៃមូលនិធិ Saudi for Development (SFD) លោក Sultan Al-Marshad បានជម្រាបជូនលោក Pham Minh Chính ថា មូលនិធិនេះបានអនុវត្តគម្រោងចំនួន១៣ នៅក្នុងប្រទេសវៀតណាម ក្នុងរយៈពេល១៣ឆ្នាំកន្លងមកនេះ។

លោកបានស្នើឱ្យរដ្ឋាភិបាលវៀតណាម បន្តបង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀត សម្រាប់មូលនិធិដើម្បីបំពេញប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនៅក្នុងប្រទេស និងសន្យាផ្តល់ធនធានបន្ថែមទៀត សម្រាប់គម្រោងនានានៅវៀតណាម៕

LEAVE A REPLY

Please enter your comment!
Please enter your name here