ផ្សារហ៊ុននៅតំបន់អាសុីបានធ្លាក់ថ្លៃចុះនៅថ្ងៃសុក្រនេះ ខណៈតម្លៃប្រេងកើនឡើង

ដោយ: គង់ លាងហួរ
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាស៊ីប៉ាស៊ីហ្វិកបានធ្លាក់ថ្លៃចុះនៅថ្ងៃសុក្រនេះ ដោយបានពង្រីកការខាតបង់ពីការសម្រុកលក់ចេញយ៉ាងគំហុកកាលពីថ្ងៃព្រហស្បតិ៍។

ការធ្លាក់ថ្លៃនេះកើតឡើង ស្របពេលដែលប្រធានធនាគារកណ្តាលអាមេរិកលោក Jerome Powell បានអះអាងថា អតិផរណានៅតែខ្ពស់ពេក ហើយទំនងជាត្រូវការកំណើនសេដ្ឋកិច្ចទាបជាងនេះ។

ទន្ទឹមនឹងនេះផលបត្ររតនាគាររបស់អាមេរិករយៈពេល១០ឆ្នាំក៏បានកើនឡើងជិតដល់កម្រិត៥% ជាលើកដំបូង ក្នុងរយៈពេល១៦ឆ្នាំ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ផងដែរ។

វិនិយោគិននៅតំបន់អាស៊ីក៏នឹងវាយតម្លៃទិន្នន័យអតិផរណាក្នុងខែកញ្ញារបស់ប្រទេសជប៉ុនផងដែរ ដែលបានចូលមកក្នុងកម្រិត៣% ហើយជាខែទី១៨ជាប់ៗគ្នា ដែលវាកើនលើសពីគោលដៅ២% របស់ធនាគារកណ្តាលជប៉ុន(BOJ)។ លើសនេះ អ្នកវិនិយោគក៏តាមដានអត្រាការប្រាក់កម្ចីរយៈពេល១ឆ្នាំ និង៥ឆ្នាំរបស់ប្រទេសចិនផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិកដ៏ធំបំផុតរបស់ក្រុមហ៊ុនអាមេរិក MSCI នៅខាងក្រៅប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ០,៨ភាគរយនៅថ្ងៃសុក្រនេះ។

នៅក្នុងប្រទេសអូស្ត្រាលី ផ្សារហ៊ុន S&P/ASX 200 បានធ្លាក់ថ្លៃចុះ១,៣៧នៅថ្ងៃសុក្រនេះ។ ផ្សារហ៊ុន Nikkei 225 របស់ជប៉ុនបានធ្លាក់ថ្លៃចុះ០,៩៧% បន្ទាប់ពីតួលេខអតិផរណាត្រូវបានចេញផ្សាយ ខណៈពេលដែលផ្សារហ៊ុន Topix បានធ្លាក់ថ្លៃចុះ០,៩៣% ។

ជាមួយគ្នានេះ ផ្សារហ៊ុន Kospi របស់ប្រទេសកូរ៉េខាងត្បូងបានធ្លាក់ថ្លៃចុះ១,៩៨% ខណៈដែលផ្សារហ៊ុន Kosdaq បានធ្លាក់ថ្លៃរហូតដល់ទៅ២,៩៧%។

សន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានធ្លាក់ថ្លៃចុះ០,៧៧% នៅក្នុងម៉ោងជួញដូរដំបូងរបស់ខ្លួន ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន CSI 300 របស់ចិនដីគោកបានធ្លាក់ថ្លៃចុះ០,៤៣%។

តម្លៃប្រេងបានកើនឡើងនៅថ្ងៃសុក្រនេះ ដោយកើនឡើងប្រហែល១ភាគរយដោយសារការភ័យខ្លាចថា ជម្លោះអុីស្រាអែល-ហ្គាហ្សាអាចរីករាលដាលនៅតំបន់មជ្ឈិមបូព៌ា និងរំខានការផ្គត់ផ្គង់ដល់ប្រេងពីតំបន់ផលិតប្រេងដ៏ធំបំផុតរបស់ពិភពលោកមួយនេះ។

តម្លៃប្រេងឆៅ Brent futures បានកើនឡើង៧៧សេន ឬ០,៨ភាគរយដល់៩៣,១៥ដុល្លារក្នុងមួយបារ៉ែលត្រឹមម៉ោងសកល 0042 GMT។ តម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate បានកើនឡើង៩៩សេន ឬ១,១ភាគរយដល់៩០,៣៦ដុល្លារក្នុងមួយបារ៉ែល។

 

LEAVE A REPLY

Please enter your comment!
Please enter your name here