ចិន សម្រុកលក់ចេញប័ណ្ណរតនាគារអាមេរិក ច្រើនបំផុតក្នុងពេល៤ឆ្នាំមកនេះស្របពេលប្រាក់យ័នធ្លាក់ថ្លៃ

តែម សុខុម

គូឡាឡាំពួ: បណ្ដាវិនិយោគិនចិន កាលពីខែសីហា បានសម្រុកលក់ចេញសញ្ញាប័ណ្ណ និងភាគហ៊ុនអាមេរិក ច្រើនបំផុតមិនធ្លាប់មានក្នុងរយៈពេល៤ឆ្នាំមកនេះដែលធ្វើឱ្យមានការរំពឹងទុកថា រដ្ឋាភិបាលចិន អាចនឹងចាត់វិធានការដើម្បីការពារប្រាក់យ័ន ដែលកំពុងធ្លាក់ថ្លៃ។

យោងតាមទិន្នន័យពីក្រសួងរតនាគារសហរដ្ឋអាមេរិក ចេញផ្សាយកាលពីថ្ងៃពុធ ទី១៨ ខែតុលា បង្ហាញថា ភាគច្រើននៃការលក់ចេញដែលមានទំហំ២១,២ពាន់លានដុល្លារអាមេរិក នេះគឺបានពីការលក់ចេញប័ណ្ណរតនាគារ និងភាគហ៊ុនរបស់សហរដ្ឋអាមេរិក។

នៅខែសីហា ប្រាក់យ័ន ក្នុងទីផ្សារចិនដីគោក បានធ្លាក់ថ្លៃដល់កម្រិតទាបបំផុតមិនធ្លាប់មានទល់នឹងប្រាក់ដុល្លារ ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២២ ដែលបណ្ដាលឱ្យរដ្ឋាភិបាលក្រុងប៉េកាំង បញ្ជាឱ្យបណ្ដាធនាគាររដ្ឋបង្កើនការអន្តរាគមន៍នៅក្នុងទីផ្សាររូបិយប័ណ្ណ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Gareth Berry អ្នកយុទ្ធសាស្រ្តរូបិយប័ណ្ណ និងអត្រាការប្រាក់នៅក្រុមហ៊ុន Macquarie Group Ltd. ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី លើកឡើងថា “នេះអាចជាការលក់ចេញសញ្ញាប័ណ្ណមួយចំនួនដើម្បីប្ដូរយកសាច់ប្រាក់ជាដុល្លារអាមេរិក ក្នុងករណីដែលខ្លួនត្រូវការនៅពេលក្រោយដើម្បីការពារប្រាក់យ័ន តាមរយៈប្រតិបត្តិការអន្តរាគមន៍។ នេះជាមូលហេតុដែលពួកគេលក់ចេញភាគហ៊ុន”។

ទិន្នន័យបានបង្ហាញថា បណ្ដាវិនិយោគិនចិន បានលក់ចេញភាគហ៊ុនក្នុងចំនួន៥,១ពាន់លានដុល្លារអាមេរិក ក្នុងខែសីហា៕ The Edge Markets៕

LEAVE A REPLY

Please enter your comment!
Please enter your name here