ការសិក្សាៈក្រុមហ៊ុនមួយចំនួននៅក្នុងទីក្រុងហុងកុងគ្រោងកាត់បន្ថយទំហំការិយាល័យជួល និងផ្លាស់ប្តូរទៅកាន់ប្រទេសផ្សេង

ដោយ: គង់ លាងហួរ

អន្តរជាតិ: ជាង១/៥ នៃបណ្តាអ្នកជួលការិយាល័យ នៅក្នុងទីក្រុងហុងកុង គ្រោងនឹងកាត់បន្ថយ ទំហំការិយាល័យរបស់ពួកគេ ដោយអ្នកខ្លះ ថែមទាំងចង់ផ្លាស់ប្តូរទីតាំង ទៅកាន់តំបន់ចិនដីគោក សិង្ហបុរី និងប្រទេសផ្សេងទៀតលើពិភពលោក។

យោងតាមការស្ទង់មតិមួយ ទៅលើក្រុមហ៊ុនចំនួន៣២១ បង្ហា​ញថា អ្នកឆ្លើយតបចំនួន២១ភាគរយ ឬស្មើនឹង៦៩ក្រុមហ៊ុន និយាយថា ពួកគេទំនងជាកាត់បន្ថយប្រតិបត្តិការ ដោយលើកឡើងពីការចំណាយ ការថយចុះតម្រូវការអាជីវកម្ម និងការអនុវត្តគោលនយោ​បាយធ្វើការងារពីផ្ទះបន្ថែមទៀត។

យោងតាមការសិក្សា ដោយក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Colliers បង្ហាញថា “អ្នកជួលមួយចំនួនបានលើកឡើងថា សមត្ថភាពរបស់ក្រុមហ៊ុន ក្នុងការផ្លាស់ប្តូរទីតាំង ក៏បានរួមចំណែកដល់ការសម្រេចចិត្តរបស់ពួកគេផងដែរ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងចំណោមអ្នកជួលទាំងអស់ ដែលគ្រោងកាត់បន្ថយទំហំការិ​យាល័យ ក្នុងនោះ១៤ភាគរយ បានលើកឡើងពីការផ្លាស់ទីតាំងទៅកាន់ប្រទេសចិនដីគោក។ ១៣ភាគរយផ្លាស់ទៅកាន់ ប្រទេសសិង្ហបុរី និង៩ភាគរយ ផ្លាស់ទៅកាន់ប្រទេសផ្សេងទៀត។

ការស្ទង់មតិនេះ ត្រូវបានធ្វើឡើងចាប់ពីចុងខែមិថុនា ដល់ដើមខែសីហា ហើយជាងពាក់កណ្តាល នៃអ្នកឆ្លើយសំណួរគឺជាក្រុមហ៊ុនដែលមានមូលដ្ឋាននៅហុងកុង។ ១៨ភាគរយមកពីអឺរ៉ុប និង១១ភាគរយ មកពីបណ្តាទីក្រុងនៅតំបន់អាស៊ីផ្សេងទៀត។

យោងតាមក្រុមហ៊ុន Colliers បានឱ្យដឹងថា អត្រាការិយាល័យទំនេរសំខាន់ៗរបស់ទីក្រុងហុងកុង បានហក់ឡើងដល់កម្រិតខ្ពស់បំផុត ក្នុងរង្វង់១៥,១ភាគរយ នៅដំណាច់ខែសីហា ពោលគឺខ្ពស់ជាងកម្រិតកំពូល១៣,១ភាគរយ នៅក្នុងខែកញ្ញា ឆ្នាំ២០០៣ទៅទៀត។

តម្លៃជួលការិយាល័យប្រចាំខែ បានដាំក្បាលចុះ៣០,៣ភាគរយ មកនៅត្រឹម៥៤,៧០ដុល្លារហុងកុង (៦,៩៨ដុល្លារអាមេរិក) ក្នុង១ហ្វីតការ៉េ(ប្រហែល០,០៩៣ម៉ែត្រការ៉េ) បើធៀបនឹងកម្រិតខ្ពស់ កាលពីខែមករា ឆ្នាំ២០១៩ ដោយនៅពេលនោះ អត្រាការិយាល័យទំនេរស្ថិតនៅកម្រិតទាបបំផុត មកនៅត្រឹមតែ៣,៥ភាគរយប៉ុណ្ណោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here