តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃព្រហស្បតិ៍នេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃព្រហស្បតិ៍នេះ ខណៈពេលដែលការផ្ទុះឡើងនៃភាពចលាចលនៅក្នុងតំបន់មជ្ឈិមបូព៌ាបានជំរុញឱ្យតម្រូវការទិញមាសហក់ឡើងខ្ពស់។

តម្លៃមាស Spot Gold បានងើបឡើង០,២%ដល់១៩៥០,៨៣ដុល្លារ ក្នុងមួយអោនគិតត្រឹមម៉ោងសកល 0127 GMT បន្ទាប់ពីឡើងដល់កម្រិតខ្ពស់បំផុតចាប់តាំងពីថ្ងៃទី១ ខែសីហាកាលពីថ្ងៃអង្គារ ខណៈតម្លៃមាសរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះ០,៣% មកនៅត្រឹម១៩៦២,៩០ដុល្លារ ក្នុងមួយអោន។

ការបំផ្ទុះកាលពីថ្ងៃអង្គារនៅឯមន្ទីរពេទ្យ Gaza បានសម្លាប់ប្រជាជនប៉ាឡេស្ទីនរាប់រយនាក់ នៅមុនពេលដែលប្រធានាធិបតីអាមេរិកលោកចូ បៃដិន បានធ្វើទស្សនកិច្ចនៅអុីស្រាអែល ខណៈដែលជម្លោះរវាងយោធាអុីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាសបានផ្ទុះឡើង។

មាស ដែលត្រូវបានគេចាត់ទុកជាទ្រព្យវិនិយោគដ៏មានសុវត្ថិភាព ក្នុងអំឡុងពេលមានភាពមិនច្បាស់លាស់ផ្នែកនយោបាយ និងហិរញ្ញវត្ថុបានហក់ឡើងថ្លៃជិត១៤០ដុល្លារ ឬ៨% ចាប់តាំងពីបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល៧ខែកាលពីថ្ងៃទី៦ ខែតុលា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទីផ្សារកំពុងរង់ចាំការថ្លែងសុន្ទរកថារបស់លោក Jerome Powell ប្រធានធនាគារកណ្តាលអាមេរិក ទៅកាន់ក្លឹបសេដ្ឋកិច្ចនៃទីក្រុងញូវយ៉ក សម្រាប់ការចង្អុលបង្ហាញបន្ថែមទៀតលើផ្លូវគោលនយោបាយអត្រាការប្រាក់របស់សហរដ្ឋអាមេរិក បន្ទាប់ពីមានការអត្ថាធិប្បាយថ្មីៗពីក្រុមមន្ត្រី Fed មួយចំនួន។

លោហៈធាតុប្រាក់ Spot silver មានស្ថិរភាពនៅតម្លៃ២២,៨៦ដុល្លារក្នុងមួយអោន ផ្លាទីនបានធ្លាក់ថ្លៃ០,៣% ដល់៨៨៣,០៧ដុល្លារក្នុងមួយអោន ហើយតម្លៃប៉ាឡាដ្យូម (palladium) បានធ្លាក់ចុះ០,២% មកត្រឹម១១២៦,៨៦ដុល្លារក្នុងមួយអោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here