អាកាសចរណ៍ស៊ីវិលយល់ព្រមឲ្យអ្នកដំណើរមានជម្រើសនៅទីតាំងព្រលានយន្ដហោះអន្ដរជាតិសៀមរាបអង្គរ

ដោយៈ ហ្វីអូណា

        សៀមរាបៈ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោកស៊ីន ចាន់សិរីវុត្ថា បានចេញមកពន្យល់អំពីករណី ការប្រើប្រាស់សេវាដឹកជញ្ជូន នៅក្នុងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដើម្បីឲ្យប្រជាពលរដ្ឋ មានការកាន់តែយល់ច្បាស់ និងអះអាងថាអ្នកធ្វើដំណើរ អាចប្រើសេវាដឹកជញ្ជូនផ្សេងៗ តាមតម្រូវការបានផងដែរ។

លោកបានបន្តឲ្យដឹងកាលពីថ្ងៃទី១៧ តុលាថា ចំពោះសេវាដឹកជញ្ជូនក្រៅប្រព័ន្ធវិញ ត្រូវបានអនុវត្ដធម្មតា ដូចអាកាសយាន្ដដ្ឋានអន្ដរជាតិផ្សេងៗដទៃទៀត ដោយមិនមានការប្រែប្រួលនោះឡើយ ហើយក៏មិនមានការហាមឃាត់ មិនឲ្យអ្នកដឹកជញ្ជូនចូលទៅដឹកអ្នកដំណើរ នៅក្នុងអាកាសយាន្ដដ្ឋាន សៀមរាប-អង្គរផងដែរ។

នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣នេះ លោកស៊ីន ចាន់សិរីវុត្ថា បានឲ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានសម្រេ​ចផ្ទេរសិទ្ធិឲ្យក្រុមហ៊ុនមួយ ជាអ្នកធ្វើប្រតិបត្ដិការសេវាកម្មដឹកជញ្ជូន នៅក្នុងអាកាសយាន្ដដ្ឋាន ដែលមានតម្លៃ រថយន្តធុនតូច៣៥ដុល្លារមួយជើង និងឡានក្រុងតូច៤០ដុល្លារមួយជើង ឬ៨ដុល្លារក្នុងម្នាក់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស៊ិន ចាន់សិរីវុត្ថាបានបន្តថា ការបង្កើតសេវាកម្មនេះ គឺដោយសារតែអាកាសយានដ្ឋានអន្តរជាតិ សៀមរាប អង្គរ ជាអាកាសយានដ្ឋានថ្មី ហើយមានចម្ងាយប្រហែល៥០គីឡូម៉ែត្រ ពីទីរួមខេត្ដសៀមរាប ហើយក៏មិនទាន់មានសេវា ដឹកជញ្ជូនសាធារណៈទៅដល់ទីនោះ ទើបអាកាសយាន្ដដ្ឋានសម្រេច ឲ្យមានប្រតិបត្តិការសេវាកម្មតាក់ស៊ី។

លោកពន្យល់ថា បើពិនិត្យតម្លៃដឹកជញ្ជូនតម្លៃរថយន្តក្រុង៨ដុល្លារក្នុងម្នាក់ សម្រាប់រយៈចម្ងាយជិត៥០គីឡូម៉ែត្រ ធៀបនឹងការសេវាដឹកជញ្ជូនផ្សេងទៀត គិតជាគីឡូម៉ែត្រ គឺសេវាដឹកជញ្ជូនទាំងពីរនេះមិនមានអ្វីខុសគ្នាទេ។

ចំពោះតម្លៃសេវាដឹកជញ្ជូនវិញ អាស្រ័យទៅលើជម្រើសរបស់អ្នកធ្វើដំណើរ បើសិនជាអ្នកធ្វើដំណើរគិតថាថ្លៃ អាចមានការជ្រើសរើសរកសេវាដឹកជញ្ជូនផ្សេងៗទៀត ដែលមិនស្ថិតនៅក្នុងសមាគមអ្នកដឹកជញ្ជូន ក្នុងអាកាសយាន្ដដ្ឋានក៏បានផងដែរ។

លោកបានឲ្យដឹងទៀតថា ចំពោះអ្នក ដឹកជញ្ជូនផ្សេងៗទៀតដែលនៅក្រៅប្រព័ន្ធ ដែលចង់ចូលក្នុងប្រព័ន្ធរបស់ក្រុមហ៊ុន អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មិនមានការហាមឃាត់នោះទេ ដោយត្រូវមកចុះបញ្ជី ជាមួយសមាគមដឹកជញ្ជូន ព្រោះថាការធ្វើបែបនេះ ដើម្បីរក្សានូវសណ្ឋាប់ធ្នាប់ និងសុវត្ថិភាព ជូនដល់អ្នកធ្វើដំណើរនៅក្នុងអាកាសយានដ្ឋាន។

លោកបន្ថែមថា ចំណែកឯអ្នកនៅក្រៅប្រព័ន្ធផ្សេងទៀត ដែលមិនបានចុះបញ្ជី ក៏អាចចូលដឹកជញ្ជូនអ្នកដំណើរបានដែរ ដូចគ្នានឹងព្រលាន យន្តហោះផ្សេងៗទៀត ដោយមិនមានហាមឃាត់មិនចូលនោះទេ។ ប៉ុន្តែបើត្រូវការចត គឺត្រូវបង់ថ្លៃចំណត។

ក្រុមហ៊ុន អង្គរ អ៊ិនធើណេសិនណល អ៊ែរផត អ៊ិនវេសម៊ិន (ខេមបូឌា) ឯ.ក នាពេលថ្មីៗនេះ បានចេញសេចក្ដីជូនដំណឹងអំពីតាក់ស៊ី នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដោយបានផ្ទេរសិទ្ធិឲ្យ Tourist Transport Association for Siem Reap International Airport (TTA) ធ្វើប្រតិបត្តិការសេវាកម្មតាក់ស៊ី ដើម្បីធានាការធ្វើដំណើររបស់ភ្ញៀវទេសចរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here