ដោយ: គង់ លាងហួរ
អន្តរជាតិ: លោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិកបានប្រកាសថា លោកប្រធានាធិបតីចូ បៃដិន ទៅបំពេញទស្សនកិច្ចនៅប្រទេសអ៊ីស្រាអែលនៅថ្ងៃពុធនេះ ខណៈលោកក៏បានអះអាងផងដែរថា អ៊ីស្រាអែល និងទីក្រុងវ៉ាស៊ីនតោនបានយល់ព្រមបង្កើតផែនការ សម្រាប់ផ្តល់ជំនួយដល់តំបន់ហ្គាហ្សា។
លោក Blinken បានថ្លែងបែបនេះ បន្ទាប់ពីលោកបានជួបប្រជុំអស់រយៈពេលជិត៨ម៉ោង នៅក្រសួងការពារជាតិជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ក្នុងដំណើរទស្សនកិច្ចលើកទី២ របស់ប្រមុខការទូតអាមេរិកកំពូលរូបនេះ ចាប់តាំងពីមានការវាយប្រហារថ្ងៃទី៧ ខែតុលាដោយក្រុមហាម៉ាស។
លោក Blinken បានមានប្រសាសន៍កាលពីព្រឹកថ្ងៃអង្គារនៅទីក្រុង Tel Aviv ថា “លោកប្រធានាធិបតីចូ បៃដិន នឹងបញ្ជាក់ឡើងវិញនូវសាមគ្គីភាពរបស់សហរដ្ឋអាមេរិក ជាមួយអ៊ីស្រាអែល និងការប្តេជ្ញាចិត្តរបស់យើង ចំពោះសន្តិសុខរបស់អ៊ីស្រាអែល”។
លោក Blinken បានបន្តថា “អ៊ីស្រាអែលមានសិទ្ធិ និងកាតព្វកិច្ចដើម្បីការពារប្រជាជនរបស់ខ្លួន ពីក្រុមហាម៉ាស និងភេរវករផ្សេងទៀត និងដើម្បីការពារការវាយប្រហារនាពេលអនាគត”។
ប្រមុខការទូតអាមេរិកកំពូលរូបនេះអះអាងថា លោក បៃដិន នឹងស្តាប់ឮពីអ៊ីស្រាអែលនូវអ្វី ដែលអ៊ីស្រាអែលត្រូវការ ដើម្បីការពារប្រជាជនរបស់ពួកគេ ស្របពេលដែលយើងបន្តធ្វើការ ជាមួយសភាដើម្បីបំពេញតម្រូវការទាំងនោះ។
លោក Blinken បានបញ្ជាក់ថា លោកបៃដិន សង្ឃឹមថា នឹងបានស្តាប់ឮពីអ៊ីស្រាអែលអំពីរបៀប ដែលអ៊ីស្រាអែលនឹងធ្វើប្រតិបត្តិការរបស់ខ្លួន ក្នុងវិធីមួយដែលអាចកាត់បន្ថយការស្លាប់ និងរបួសរបស់ជនស៊ីវិល និងអាចឱ្យជំនួយមនុស្សធម៌ ហូរចូលទៅដល់ជនស៊ីវិលនៅតំបន់ Gaza តាមរបៀបដែលមិនផ្តល់ផលប្រយោជន៍ ដល់ក្រុមហាម៉ាស់។
លោក Blinken បានបន្ថែមថា “តាមសំណើរបស់យើង សហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានព្រមព្រៀងគ្នា បង្កើតផែនការមួយ ដែលអាចឱ្យជំនួយមនុស្សធម៌ ពីប្រទេសម្ចាស់ជំនួយ និងអង្គការពហុភាគីអាចចូលទៅដល់ជនស៊ីវិលនៅតំបន់ហ្គាហ្សា”។
លោកបានឱ្យដឹងទៀតថា “ភាគីទាំងពីរបាននិងកំពុងពិភាក្សាគ្នាអំពីលទ្ធភាព នៃការបង្កើតតំបន់នានា ដើម្បីជួយបញ្ចៀសជនស៊ីវិលឱ្យរួចផុតពីគ្រោះថ្នាក់”៕