ផ្សារហ៊ុននៅតំបន់អាស៊ីបានធ្លាក់ថ្លៃចុះនៅថ្ងៃពុធនេះ ស្របពេល តម្លៃប្រេងកើនឡើង

ដោយ: គង់ លាងហួរ

អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាស៊ី បានធ្លាក់ថ្លៃចុះនៅថ្ងៃពុធនេះ ដោយសារការបំផ្ទុះនៅមន្ទីរពេទ្យហ្គាហ្សា បានបង្កក្តីបារម្ភខ្ពស់ ខណៈមូលបត្របំណុល បានខាតបង់យ៉ាងធ្ងន់ធ្ងរ ស្របពេលដែលទិន្នន័យលក់រាយដ៏រឹងមាំរបស់សហរដ្ឋអាមេរិក បានជំរុញឱ្យមានការរំពឹងទុកនៃការដំឡើងអត្រាការប្រាក់។

អាជ្ញាធរអ៊ីស្រាអែល និងប៉ាឡេស្ទីនបានធ្វើការស្តីបន្ទោសគ្នាទៅវិញទៅមកចំពោះការបំផ្ទុះនេះ ដែលបានសម្លាប់មនុស្សរាប់រយនាក់នៅឯមន្ទីរពេទ្យ និងបានធ្វើឱ្យស្មុគស្មាញ ដល់គម្រោងបំពេញដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិកលោកចូ បៃដិន មកកាន់តំបន់នេះ។

ដំណឹងនេះបានរួមចំណែក ដល់ការហក់ឡើងថ្លៃប្រេង ខណៈពេលដែលអ្នកវិនិយោគព្រួយបារម្ភថា ប្រទេសអ៊ីរ៉ង់ ឬប្រទេសផ្សេងទៀតអាចទាញចូលទៅក្នុងជម្លោះនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិក ដ៏ធំបំផុតរបស់ក្រុមហ៊ុនអាមេរិក MSCI នៅខាងក្រៅប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ ខណៈពេលដែលផ្សារហ៊ុន Nikkei របស់ជប៉ុនបានធ្លាក់ថ្លៃ០,១ភាគរយ។

ចំណែកឯ ផ្សារហ៊ុន S&P 500 futures និងផ្សារហ៊ុន Nasdaq futures បានធ្លាក់ថ្លៃចុះ០,២ភាគរយ នៅក្នុងការជួញដូរដំបូង។

ផ្សារហ៊ុនទាំង២នេះ ត្រូវបានអូសទាញមួយផ្នែក ដោយសារការធ្លាក់ថ្លៃនៃភាគហ៊ុននៅក្នុងក្រុមហ៊ុន Nvidia បន្ទាប់ពីមានព័ត៌មានថា រដ្ឋបាលលោកចូ បៃដិន គ្រោងនឹងផ្អាកការនាំចេញ បន្ទះឈីបឆ្លាតវៃសិប្បនិម្មិតកម្រិតខ្ពស់បន្ថែមទៀតទៅកាន់ប្រទេសចិន។

តម្លៃ​ប្រេង​បាន​ហក់​ឡើង​ខ្ពស់ ​ម្តង​ទៀតនៅថ្ងៃពុធនេះ ដែលជំរុញ​ដោយ​ទិន្នន័យ​បង្ហាញ​ ពី​ការ​ធ្លាក់​ចុះ​នៃ​ស្តុក​ប្រេងឆៅ និង​ស្របពេល​ដែលមាន​ក្តី​បារម្ភ ​ជុំវិញ​ជម្លោះនៅតំបន់មជ្ឈិមបូព៌ា។

តម្លៃប្រេងឆៅ Brent បានកើនឡើង១,៣៥ដុល្លារ ​ដល់៩១,២៥ដុល្លារ​ក្នុង​មួយ​បារ៉ែល ខណៈ​ដែល​តម្លៃប្រេង​ឆៅ​អាមេរិក ​បាន​កើនឡើង​១,៦២ដុល្លារ​ ដល់៨៨,២៨ដុល្លារ​ក្នុង​មួយ​បារ៉ែល៕

LEAVE A REPLY

Please enter your comment!
Please enter your name here