ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃពុធនេះ បន្ទាប់ពីការផ្ទុះដ៏សាហាវមួយនៅតំបន់ហ្គាហ្សាបានជំរុញឱ្យមានការភ័យខ្លាចនៃជម្លោះក្នុងតំបន់ដែលកំពុងឡើងកំដៅ ដែលការណ៍នេះធ្វើឱ្យដុំមាសនៅតែមានតម្រូវការខ្ពស់សម្រាប់អ្នកវិនិយោគ។
តម្លៃមាស Spot Gold បានងើបឡើង០,៤% ដល់១៩២៩,៨៩ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោងសកល 0123 GMT ហើយតម្លៃមាសរបស់សហរដ្ឋអាមេរិកU.S. gold futures បានងើបឡើង០,៤% ដល់១៩៤២,៧០ដុល្លារក្នុងមួយអោន។
ជនជាតិប៉ាឡេស្ទីនប្រមាណ៥០០នាក់ត្រូវបានសម្លាប់នៅក្នុងការបំផ្ទុះមួយនៅមន្ទីរពេទ្យទីក្រុង Gaza កាលពីថ្ងៃអង្គារ ដែលមន្ត្រីអុីស្រាអែល និងប៉ាឡេស្ទីនបានស្តីបន្ទោសគ្នាទៅវិញទៅមក ហើយដែលបានបញ្ឆេះការតវ៉ានៅតំបន់ West Bank និងជុំវិញមជ្ឈឹមបូព៌ា។
ហាងឆេងមាសបានងើបឡើងថ្លៃ បើទោះបីជាទិន្នន័យសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកដ៏រឹងមាំនាពេលថ្មីៗនេះបានជំរុញឱ្យមានការរំពឹងទុកថា ធនាគារកណ្តាលអាមេរិកអាចនឹងបន្តដំឡើងអត្រាការប្រាក់សម្រាប់រយៈពេលយូរ ខណៈតម្លៃមាសបានហក់ឡើងប្រហែល១០០ដុល្លារ ចាប់តាំងពីជម្លោះបានចាប់ផ្តើមឡើង។
តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,៥% ដល់២២,៩៣ដុល្លារក្នុងមួយអោន ផ្លាទីនបានងើបឡើងថ្លៃ០,២% ដល់៨៩៨,៧៧ដុល្លារក្នុងមួយអោន ហើយតម្លៃប៉ាឡាដ្យូម palladium បានធ្លាក់ចុះ០,៨%ដល់១១៣៤,៩៣ដុល្លារក្នុងមួយអោន៕