ដោយ: គង់ លាងហួរ
ហុងកុង: ផ្សារហ៊ុននៅតំបន់អាស៊ីបានងើបឡើងថ្លៃនៅថ្ងៃអង្គារនេះ ខណៈដែលអ្នកវិនិយោគជ្រើសរើសផ្តោតលើការរំពឹងទុកនៃប្រាក់ចំណូលសាជីវកម្ម និងភាពធន់នៃសេដ្ឋកិច្ចអាមេរិក ជាជាងភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ា។
សន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិកដ៏ធំបំផុតរបស់ក្រុមហ៊ុនអាមេរិក MSCI នៅខាងក្រៅប្រទេសជប៉ុនបានងើបឡើង០,៤ភាគរយ។ចំណែក ផ្សារហ៊ុន Nikkei របស់ទីក្រុងតូក្យូបានងើបឡើងថ្លៃ១ភាគរយ។
ពេញមួយយប់ ផ្សារហ៊ុន S&P 500 បានងើបឡើងថ្លៃ១ភាគរយ ស្របពេលដែលតម្លៃប្រេង និងប្រាក់ដុល្លារអាមេរិកបានធ្លាក់ថ្លៃចុះ។
វិស័យអចលនទ្រព្យចិនបានស្ថិតនៅទ្រឹង ខណៈដែលផ្សារហ៊ុនហុងកុង Hang Seng បានងើបឡើងថ្លៃ០,៨ភាគរយ នៅថ្ងៃអង្គារនេះ។ ចំណែកឯសន្ទស្សន៍ផ្សារហ៊ុនអចលនទ្រព្យនៅចិនដីគោកបានធ្លាក់ថ្លៃចុះ០,៦ភាគរយ។
នៅក្នុងទីផ្សាររូបិយប័ណ្ណ ប្រាក់ដុល្លារអូស្រ្តាលីបានងើបឡើងថ្លៃបន្តិចដល់០,៦៣៥ដុល្លារអាមេរិក ក្នុង១ដុល្លារអូស្ត្រាលី ខណៈដែលលទ្ធផលពីកិច្ចប្រជុំធនាគារកណ្តាលអូស្ត្រាលីបានធ្វើឱ្យមានភាពភ្ញាក់ផ្អើល។ ចំណែក ប្រាក់អឺរ៉ូបានជួញដូរក្នុងតម្លៃ១,០៥៤៩ដុល្លារក្នុងមួយអឺរ៉ូ។
ជាមួយគ្នានោះ តម្លៃប្រេងបានធ្លាក់ចុះបន្តិចនៅថ្ងៃអង្គារនេះ បន្ទាប់ពីបានធ្លាក់ថ្លៃជាង១ដុល្លារកាលពីថ្ងៃចន្ទ ស្របពេលមានក្តីសង្ឃឹមថា សហរដ្ឋអាមេរិកនឹងបន្ធូរបន្ថយទណ្ឌកម្មលើវេណេហ្ស៊ុយអេឡា ដែលជាប្រទេសផលិតប្រេង ហើយទីក្រុងវ៉ាស៊ីនតោនបានបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការឡើងកំដៅនៃសង្រ្គាមរវាងអុីស្រាអែល និងក្រុមហាម៉ាស់។
តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ៥សេនមកនៅត្រឹម៨៩,៦០ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) របស់សហរដ្ឋអាមេរិកបានធ្លាក់ចុះ២៣សេនមកនៅត្រឹម៨៦,៤៣ដុល្លារ ក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0333 GMT៕