ប្រទេសឥណ្ឌូនេស៊ីគ្រោងស្វែងរកជំនួយពីចិនដើម្បីអភិវឌ្ឍវិស័យថាមពលកកើតឡើងវិញ នៅវេទិកាខ្សែក្រវ៉ាត់ និងផ្លូវ

ដោយ: គង់ លាងហួរ
ហ្សាការតា: ប្រទេសឥណ្ឌូនេស៊ីនឹងស្វែងរកជំនួយពីប្រទេសចិនសម្រាប់ស្ថាបនាគម្រោងថាមពលកកើតឡើងវិញ និងហេដ្ឋារចនាសម្ព័ន្ធ ស្របពេលដែលលោកប្រធានាធិបតី Joko Widodo គ្រោងចូលរួមវេទិកាខ្សែក្រវ៉ាត់ និងផ្លូវនាពេលខាងមុខនៅទីក្រុងប៉េកាំង។

រដ្ឋមន្ត្រីសហគ្រាសរដ្ឋ លោក Erick Thohir លើកឡើងថា ភាពជាដៃគូណាមួយជាមួយចិននឹងមានភាពស្របគ្នាជាមួយភាពជាដៃគូផ្លាស់ប្តូរថាមពលសមភាព (JETP) ដែលជាកិច្ចព្រមព្រៀងតម្លៃ២០ពាន់លានដុល្លារ ដែលប្រទេសឥណ្ឌូនេស៊ីមានជាមួយក្រុមប្រទេសដែលដឹកនាំដោយសហរដ្ឋអាមេរិកដើម្បីជួយកាត់ផ្តាច់កាបូនចេញពីវិស័យថាមពលរបស់ខ្លួន។

លោកបន្តថា ការពិភាក្សាលើកិច្ចព្រមព្រៀង JETP មិនដំណើរការដោយរលូននោះទេ ខណៈមន្ត្រីជាន់ខ្ពស់ឥណ្ឌូនេស៊ីជាច្រើនបានត្អូញត្អែរថា បណ្តាប្រទេសលោកខាងលិចមានការស្ទាក់ស្ទើរ ក្នុងការផ្តល់ហិរញ្ញប្បទានដល់ការដាក់ឱ្យចូលនិវត្តន៍មុនកាលកំណត់នៃរោងចក្រថាមពលធ្យូងថ្ម ហើយប្រាក់កម្ចីនៅក្រោមកិច្ចព្រមព្រៀងនេះនឹងផ្តល់អត្រាការប្រាក់ខ្ពស់។

លោក Erick បានបញ្ជាក់ថា “ប្រទេសចិនបានបោះជំហានយ៉ាងខ្លាំងក្នុងការអភិវឌ្ឍថាមពលកកើតឡើងវិញ និងមានថាមពលវារីអគ្គិសនីដ៏ធំ ដូច្នេះវាជាការល្អក្នុងការរៀនសូត្រពីវា”ដោយលោកបន្ថែមថា ប្រទេសទាំងពីរបាននិងកំពុងស្វែងរកថាតើភាពជាដៃគូប្រភេទណាដែលអាចធ្វើទៅបាន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រទេសឥណ្ឌូណេស៊ីគ្រោងនឹងប្រកាសផែនការវិនិយោគសម្រាប់កិច្ចព្រមព្រៀង JETP នៅខែក្រោយ នៅមុនកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុរបស់អង្គការសហប្រជាជាតិ COP28។

ទោះជាយ៉ាងនេះក្តី លោក Erick បានបដិសេធមិនចែករំលែកព័ត៌មានលម្អិតអំពីការពិភាក្សាលើភាពជាដៃគូ JETP នោះទេ ដោយលោកគ្រាន់តែនិយាយថា “យើងមិនអាចរង់ចាំបានទេ… នៅមិនទាន់មានការផ្តល់មូលនិធិណាមួយនៅឡើយទេ”។

លោកបានបន្ថែមថា ទីក្រុងហ្សាការតាបើកទូលាយក្នុងការធ្វើការជាមួយប្រទេសណាមួយដែលមានបំណងជួយប្រទេសនេះឱ្យសម្រេចបាននូវគោលដៅអាកាសធាតុរបស់ខ្លួន ហើយជឿជាក់លើសក្តានុពលសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូនេស៊ី ប៉ុន្តែកិច្ចសហប្រតិបត្តិការណាមួយត្រូវតែធ្វើឡើងតាមលក្ខខណ្ឌរបស់ប្រទេសឥណ្ឌូនេស៊ី៕

LEAVE A REPLY

Please enter your comment!
Please enter your name here