តោះងាកមកស្គាល់ពីគោលដៅទេសចរពេញនិយមបំផុតទាំង៦របស់ភ្ញៀវទេសចរចិននៅតំបន់អាសុី!!

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមការស្ទង់មតិរបស់វិទ្យាស្ថានស្រាវជ្រាវទិន្នន័យធំ និងក្រុមហ៊ុនទេសចរណ៍អនឡាញដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង Qunar បានបង្ហាញថា ទីក្រុងបាងកក សេអ៊ូល តូក្យូ គូឡាឡាំពួ សិង្ហបុរី និងហុងកុង គឺជាគោលដៅកំពូលទាំង៦នៅតំបន់អាស៊ីសម្រាប់ភ្ញៀវទេសចរចិនដីគោក។

ការស្ទង់មតិខាងលើនេះក៏បានបង្ហាញផងដែរថា ៨០%នៃអ្នកឆ្លើយសំណួរជាជនជាតិចិនចង់ធ្វើដំណើរទៅក្រៅប្រទេសក្នុងឆ្នាំ២០២៤ខាងមុខ ដែលជាតួលេខខ្ពស់បំផុតក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ។

ទន្ទឹមគ្នានេះ ជនជាតិចិនគឺជាប្រភពភ្ញៀវទេសចរដ៏ធំបំផុតរបស់វៀតណាមមុនផ្ទុះជំងឺកូវីដ-១៩ ប៉ុន្តែពេលនេះ ឧស្សាហកម្មទេសចរណ៍ក្នុងស្រុករបស់វៀតណាម មានការព្រួយបារម្ភ ដោយសារតែប្រទេសនេះមិនស្ថិតនៅក្នុងគោលដៅពេញនិយមបំផុតរបស់ប្រទេសចិន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Dao Viet Long នាយកប្រតិបត្តិនៃក្រុមហ៊ុនទេសចរណ៍ Fantasea ដែលមានមូលដ្ឋាននៅទីក្រុងហាណូយ បានលើកឡើងថា ទីក្រុង Nha Trang ទីក្រុង Da Nang និងកោះ Phu Quoc គឺជាគោលដៅទេសចរណ៍សំណព្វចិត្តរបស់ភ្ញៀវទេសចរចិនមុនពេលផ្ទុះជំងឺរាតត្បាត។

លោក Long បានបន្តថាប៉ុន្តែជម្រើសធ្វើដំណើរដែលនៅមានកម្រិត និងកង្វះខាតសេវាកម្មប្រណីតៗបានធ្វើឱ្យភ្ញៀវទេសចរចិនងាកចេញពីប្រទេសវៀតណាម។

លោកបានបន្ថែមថា ប្រទេសវៀតណាមនៅតែត្រូវបានចាត់ទុកជាគោលដៅទេសចរណ៍ ដែលមានតម្លៃថោក ដោយសារតែឧស្សាហកម្មទេសចរណ៍ធ្លាប់ផ្តល់ជូននូវកញ្ចប់ទេសចរណ៍ដែលមានគុណភាពទាប និងមិនមានតម្លាភាព ដែលគេហៅថា “zero-dollar tours”សម្រាប់ពលរដ្ឋចិនមុនពេលផ្ទុះជំងឺរាតត្បាត។

នៅពេលនោះ ភ្ញៀវទេសចរចិនជាច្រើនបានមកដល់ប្រទេសវៀតណាមតាមរយៈដំណើរទេសចរណ៍តម្លៃថោកៗ ដែលរៀបចំដោយក្រុមហ៊ុនទេសចរណ៍ចិន ដែលក្នុងនោះភ្ញៀវចិននឹងស្នាក់នៅសណ្ឋាគារដែលគ្រប់គ្រងដោយជនជាតិចិន ញ៉ាំអាហារនៅភោជនីយដ្ឋានចិន និងទិញទំនិញនៅហាងលក់ទំនិញចិន ហើយពួកគេក៏បានជ្រើសរើសមគ្គុទ្ទេសក៍ទេសចរចិនជំនួសឱ្យអ្នកក្នុងស្រុកផងដែរ។

លោក Pham Ha នាយកប្រតិបត្តិក្រុមហ៊ុនទេសចរណ៍ប្រណីត Lux Group បានលើកឡើងថា ភ្ញៀវទេសចរចិនគឺជាទីផ្សារទេសចរណ៍ក្រៅប្រទេសដ៏ធំបំផុតរបស់ពិភពលោក ហើយប្រទេសជាច្រើននៅតំបន់អាស៊ីអាគ្នេយ៍ប្រកួតប្រជែងគ្នាដើម្បីទាក់ទាញភ្ញៀវទេសចរពីទីផ្សារ។

លោក Ha បានបន្តថា វៀតណាមគួរតែកែលម្អយុទ្ធនាការផ្សព្វផ្សាយរបស់ខ្លួន និងលើកកំពស់មុខមាត់ប្រទេសទៅជាគោលដៅទេសចរប្រណីត។

លោក Ha បានបន្ថែមថា “អ្វីដែលវៀតណាមគួរធ្វើនៅពេលនេះ គឺធ្វើតាមលំនាំរបស់ប្រទេសថៃ ដោយផ្តល់ការលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរចិន និងបង្កើនផ្លូវហោះហើរត្រង់ទៅកាន់ប្រទេសចិន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here