ផ្សារហ៊ុននៅតំបន់អាសុីបានធ្លាក់ថ្លៃនៅចន្ទនេះ ស្របពេលដែលតម្លៃប្រេងបានធ្លាក់ចុះវិញ

ដោយ: គង់ លាងហួរ

អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាសុីបានធ្លាក់ថ្លៃនៅចន្ទនេះ ស្របពេលដែលតម្លៃប្រេងបានធ្លាក់ចុះវិញ ខណៈអ្នក​វិនិយោគ​កំពុងរង់ចាំ​មើល​ថា​តើ​ជម្លោះ​រវាងអុីស្រាអែល​និង​ក្រុម​ហាម៉ាស់អាចអូសទាញ​ប្រទេស​ផ្សេង​ទៀត​ឱ្យចូលពាក់ព័ន្ធឬ​អត់។

ផ្សារហ៊ុន Nikkei របស់ជប៉ុនជាមធ្យមបានធ្លាក់ថ្លៃជាង១ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន S&P/ASX 200 របស់អូស្រ្តាលីបានធ្លាក់ថ្លៃ០,១៥ភាគរយនៅក្នុងការជួញដូរដំបូង។

ជាមួយគ្នានេះ សន្ទស្សន៍ភាគហ៊ុនរបស់ប្រទេសនូវែលសេឡង់បានធ្លាក់ថ្លៃចុះ០,៩ភាគរយនៅថ្ងៃចន្ទដើមសប្តាហ៍នេះផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំណែកឯ សន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានធ្លាក់ថ្លៃចុះ០,៤២ភាគរយនៅថ្ងៃចន្ទនេះគិតនៅត្រឹមម៉ោងសកល១០:៣៥នាទី AM GMT+8។

កាលពីថ្ងៃសុក្រសប្តាហ៍មុន សន្ទស្សន៍ផ្សារហ៊ុន Pan-European STOXX 600 បានធ្លាក់ថ្លៃ០,៩៨ភាគរយ ហើយផ្សារហ៊ុន S&P 500 របស់ទីក្រុងញូវយ៉កបានធ្លាក់ថ្លៃ០,៥០ភាគរយ។

តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ៣៤សេន ឬ០,៤ភាគរយ មកនៅត្រឹម៩០,៥៥ដុល្លារក្នុងមួយបារ៉ែល ហើយប្រេងឆៅរបស់អាមេរិក West Texas Intermediate (WTI) បានធ្លាក់ចុះ៤១សេន ឬ០,៥ភាគរយ មកនៅត្រឹម៨៧,២៨ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោង៨:៤៨នាទីយប់ (ម៉ោងនៅសិង្ហបុរី)។

ប្រាក់អឺរ៉ូបានងើបឡើងថ្លៃ០,១ភាគរយដល់១,០៥២ដុល្លារក្នុងមួយអឺរ៉ូ ខណៈពេលដែលតម្លៃប្រាក់យ៉េនរបស់ជប៉ុនបានប្រែប្រួលតិចតួចមកនៅត្រឹម១៤៩,៥០យ៉េនក្នុងមួយដុល្លារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here