Bloomberg: មហាយក្សចិន ពិចារណាបញ្ចេញកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចថ្មីដើម្បីសម្រេចគោលដៅកំណើន

តែម សុខុម

សិង្ហបុរី: ប្រទេសចិន កំពុងពិចារណាបង្កើនឱនភាពថវិកា (Budget Deficit) របស់ខ្លួនសម្រាប់ឆ្នាំ២០២៣ ខណៈរដ្ឋាភិបាលចិន ត្រៀមបញ្ចេញកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចជុំថ្មីដើម្បីជួយឱ្យសេដ្ឋកិច្ចបំពេញបានតាមគោលដៅកំណើនប្រចាំឆ្នាំរបស់ខ្លួន។

នេះបើយោងតាមសារព័ត៌មានដ៏ល្បីល្បាញ Bloomberg News ដែលបានចុះផ្សាយកាលពីថ្ងៃអង្គារ ទី១០ ខែតុលា ដោយដកស្រង់ប្រភពច្បាស់ការ។

សារព័ត៌មាននេះបានបន្ថែមថា ក្រុមអ្នកបង្កើតគោលនយោបាយរបស់រដ្ឋាភិបាលចិន កំពុងពិចារណាបោះផ្សាយបំណុលសាធារណៈបន្ថែមទៀតយ៉ាងតិច១៣៧,១ពាន់លានដុល្លារអាមេរិក សម្រាប់រ៉ាប់រងការចំណាយលើហេដ្ឋារចនាសម្ព័ន្ធនានាដូចជាគម្រោងអភិរក្សធនធានទឹកជាដើម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អ្វីជាឱនភាពថវិកា (Budget Deficit)?

ឱនភាពថវិកា សំដៅទៅលើការចំណាយលើសប្រាក់ចំណូលរបស់រដ្ឋ ដែលជាសូចនាករមួយនៃសុខភាពហិរញ្ញវត្ថុ ។ នៅពេលរដ្ឋាភិបាលមានឱនភាពថវិកា វានឹងបង្កើតបានជាបំណុលជាតិផងដែរ ។ រដ្ឋមានមធ្យោបាយជាច្រើនដើម្បផ្តល់ហិរញ្ញប្បទានដល់ឱនភាពថវិកា។

នៅពេលមានឱនភាពថវិកា ប្រទេសមួយអាចខ្ចីប្រាក់ពីបរទេស (កម្ចីពីបរទេស) ឬក៏អាចស្វែងរកជំនួយពីបរទេស ឬ ប្រើមធ្យោបាយទាំងពីររួមគ្នា។ ដោយនិយាយតែអំពីសេដ្ឋកិច្ចក្នុងស្រុក ប្រទេសមួយអាចអនុវត្តយកនូវវិធានការមួយចំនួនដូចខាងក្រោម៖

បង្កើនពន្ធ៖ ប្រទេសមួយអាចបង្កើនចំណូលពន្ធដោយបង្កើនអត្រាពន្ធ ឬ ដាក់ចេញនូវប្រភេទពន្ធថ្មីៗ។ ចំណូលដែលបានពីការបង្កើនពន្ធនេះអាចជួយកាត់បន្ថយ ឬលប់បំបាត់ឱនភាពថវិកាបាន។

ខ្ចីប្រាក់ពីសាធារណជន៖ រដ្ឋអាចខ្ចីប្រាក់ពីបុគ្គល គ្រួសារ សាជីវកម្ម ក្រុមហ៊ុនធានារ៉ាប់រង និងស្ថាប័នហិរញ្ញវត្ថុដទៃទៀតតាមរយៈការបោះផ្សាយមូលបត្ររដ្ឋាភិបាលលក់ឱ្យពួកគេទាំងនោះ។ មូលបត្របោះផ្សាយដោយរដ្ឋាភិបាលរួមមានប័ណ្ណរតនាគាររយៈពេលខ្ចី ប័ណ្ណរតនាគាររយៈពេលមធ្យម និងសញ្ញាប័ណ្ណរតនាគារ ។

បោះពុម្ពប្រាក់ថ្មីបន្ថែម៖ ការបោះពុម្ពប្រាក់ថ្មីបន្ថែមនឹងបង្កើនការផ្គត់ផ្គង់រូបិយវត្ថុ ដែលនាំឱ្យអតិផរណាកើនឡើងផងដែរ។ ដូច្នេះមធ្យោបាយនេះមិនត្រូវបានគេយកមកប្រើឡើយ លុត្រាតែគ្មានមធ្យោបាយផ្សេងក្រៅពីនេះនៅក្នុងការផ្តល់ហិរញ្ញប្បទានឱនភាព៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here