ផ្សារហ៊ុននៅតំបន់អាស៊ីបានងើបឡើងថ្លៃនៅថ្ងៃពុធនេះ ស្របពេលតម្លៃប្រេងកើនឡើង

ដោយ: គង់ លាងហួរ
សិង្ហបុរី: ផ្សារហ៊ុននៅតំបន់អាស៊ីបានងើបឡើងថ្លៃនៅថ្ងៃពុធនេះ ហើយប្រាក់ដុល្លារបានធ្លាក់ថ្លៃ ក្រោយពីមានការផ្លាស់ប្តូរមតិពីមន្ត្រីធនាគារកណ្តាលអាមេរិកលើជំហរអត្រាការប្រាក់ ទោះបីជាអ្នកវិនិយោគនៅតែមានការប្រយ័ត្នចំពោះទិន្នន័យអតិផរណាអាមេរិក ដែលនឹងត្រូវចេញផ្សាយនៅថ្ងៃព្រហស្បតិ៍យ៉ាងណាក្តី។

លោក Raphael Bostic ប្រធានធនាគារកណ្តាលអាមេរិកប្រចាំនៅទីក្រុង Atlanta បានថ្លែងប្រាប់សមាគមធនាគារិកអាមេរិក នៅទីក្រុង Nashville កាលពីថ្ងៃអង្គារថា “ខ្ញុំពិតជាមិនគិតថាយើងត្រូវការបង្កើនអត្រាការប្រាក់ទៀតនោះទេ” ។

ក្រុមមន្ត្រីធនាគារកណ្តាលអាមេរិកលើកឡើងថា ការកើនឡើងនៃផលប័ត្ររតនាគារនាពេលថ្មីៗនេះអាចកាត់បន្ថយតម្រូវការសម្រាប់ការដំឡើងអត្រាការប្រាក់បន្ថែមទៀត ដែលការណ៍នេះបានធ្វើឱ្យប្រាក់ដុល្លារធ្លាក់ថ្លៃ។

ផ្សារហ៊ុន S&P 500 បានងើបឡើងថ្លៃពេញមួយយប់ ហើយសន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិកដ៏ធំបំផុតរបស់ MSCI នៅខាងក្រៅប្រទេសជប៉ុនបានងើបឡើង១,៣ភាគរយដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលពីរសប្តាហ៍ក្នុងការជួញដូរនៅពេលព្រឹក។ ផ្សារហ៊ុន Nikkei របស់ជប៉ុនបានងើបឡើង០,៥%។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ផលប័ត្ររតនាគារសហរដ្ឋអាមេរិករយៈពេល១០ឆ្នាំបានធ្លាក់ចុះ១២,៧ពិន្ទុមូលដ្ឋានកាលពីថ្ងៃអង្គារម្សិលមិញនេះ និងបានមានស្ថិរភាពនៅក្នុងតំបន់អាស៊ីនៅថ្ងៃពុធនេះក្នុងរង្វង់៤,៦៤ភាគរយ។

កាលពី ថ្ងៃពុធ ប្រាក់ដុល្លារអូស្ត្រាលី និង នូវែលសេឡង់ បានហក់ឡើង ដល់កម្រិតខ្ពស់បំផុតធៀបនឹងប្រាក់ដុល្លារ ចាប់តាំងពីចុងខែកញ្ញា មកខណៈដែលប្រាក់sterling បានហក់ឡើងថ្លៃដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល៣សប្តាហ៍។

តម្លៃប្រេងមានការប្រែប្រួលតិចតួចក្នុងការជួញដូរនៅតំបន់អាស៊ីនៅព្រឹកថ្ងៃពុធនេះ ខណៈដែលការព្រួយបារម្ភបានធូរស្រាលអំពីការរំខានការផ្គត់ផ្គង់ដោយសារជម្លោះរវាងអុីស្រាអែល និងក្រុមអុីស្លាមប៉ាឡេស្ទីន Hamas ។

តម្លៃប្រេងឆៅ Brent បានកើនឡើង១២សេនដល់៨៧,៧៧ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0009 GMT។ ចំណែក តម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate (WTI) បានកើនឡើង៣សេនដល់៨៦ដុល្លារក្នុងមួយបារ៉ែល៕

LEAVE A REPLY

Please enter your comment!
Please enter your name here