តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃពុធនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមការចុះផ្សាយដោយសារពត៌មាន Reuters បានឱ្យដឹងថា តម្លៃហាងឆេងមាសបានងើបឡើងជិតដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង១សប្តាហ៍នៅថ្ងៃពុធនេះ។

ការងើបឡើងថ្លៃនេះកើតឡើង ខណៈក្រុមមន្ត្រីធនាគារកណ្តាកអាមេរិកលើកឡើងថា ការកើនឡើងនៃផលប័ត្ររតនាគារនាពេលថ្មីៗនេះអាចកាត់បន្ថយតម្រូវការសម្រាប់ការដំឡើងអត្រាការប្រាក់បន្ថែមទៀត ដោយដំណឹងនេះបានធ្វើឱ្យប្រាក់ដុល្លារធ្លាក់ថ្លៃ។

តម្លៃមាស Spot Gold បានងើបឡើង០,១% ដល់១៨៦០,៩៧ដុល្លារក្នុងមួយអោនត្រឹមម៉ោងសកល 0136 GMT ដោយបានឡើងដល់កម្រិតខ្ពស់បំផុតចាប់តាំងពីថ្ងៃទី២៩ ខែកញ្ញាកាលពីថ្ងៃអង្គារ។ ចំណែកឯ មាស របស់ សហរដ្ឋ អាមេរិក U.S. gold futures បាន ជួញដូរក្នុងតម្លៃ១៨៧៤,៥០ដុល្លារក្នុងមួយអោន។

ប្រាក់ដុល្លារបានធ្លាក់ថ្លៃដល់កម្រិតទាបបំផុតក្នុងរយៈពេលជិត២សប្តាហ៍ធៀបនឹងកញ្ចប់រូបិយប័ណ្ណសំខាន់ៗ ខណៈផលប័ត្ររតនាគាររបស់សហរដ្ឋអាមេរិកក៏បានធ្លាក់ចុះផងដែរ បន្ទាប់ពីមានការអត្ថាធិប្បាយពីមន្ត្រីជាច្រើនរបស់ធនាគារ Fed។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមហ៊ុន SPDR Gold Trust ដែលជាមូលនិធិជួញដូរមាសដ៏ធំបំផុតរបស់ពិភពលោកបានរាយការណ៍ថា ការកាន់កាប់មាសរបស់ក្រុមហ៊ុនខ្លួនបានធ្លាក់ចុះកាលពីថ្ងៃអង្គារ។

តម្លៃលោហ:ធាតុប្រាក់ Spot silver បានងើបឡើង០,១% ដល់២១,៨៤ដុល្លារក្នុងមួយអោន ផ្លាទីនបានងើបឡើងថ្លៃ០,២% ដល់៨៨២,២១ដុល្លារក្នុងមួយអោន ហើយប៉ាឡាដ្យូមបានងើបឡើងថ្លៃ០,១%ដល់១១៧០,៤៦ដុល្លារក្នុងមួយអោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here