ដោយ: គង់ លាងហួរ
ភ្នំពេញ: យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករដែលបានចេញផ្សាយកាលពីថ្ងៃអង្គារឱ្យដឹងថា កម្ពុជាបាននាំចេញទំនិញមានតម្លៃ១៦,៩៤ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល៩ខែដំបូង ឆ្នាំនេះ ដែលធ្លាក់ចុះ០,៨ភាគរយធៀបនឹង១៧,០៧ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ទំនិញសំខាន់ៗដែលកម្ពុជាបាននាំចេញរួមមានដូចជា សម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ កង់ និងទំនិញកសិកម្មមួយចំនួនដូចជា អង្ករ ជ័រកៅស៊ូ ដំឡូងមី ចេក ស្វាយ និងមៀន។
ទន្ទឹមនឹងនេះ ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សាររបស់ប្រទេសចិនបានកើនឡើង១៨,៣ភាគរយក្នុងអំឡុងពេលខែមករារហូតដល់ខែកញ្ញាឆ្នាំ២០២៣នេះ។
យោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករបានបង្ហាញថា ប្រទេសចិនគឺជាគោលដៅនាំចេញធំបំផុតទីបីសម្រាប់ប្រទេសកម្ពុជាបន្ទាប់ពីសហរដ្ឋអាមេរិក និងប្រទេសវៀតណាម។
រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ែន សុវិជាតិ បានមានប្រសាសន៍ថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន បានផ្តល់ការជំរុញដល់កំណើននៃការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសចិន។
លោកបានបញ្ជាក់ប្រាប់សារពត៌មានចិនXinhua ថា “កតិកាសញ្ញាពាណិជ្ជកម្មទាំងពីរនេះគឺជាកាតាលីករសម្រាប់ជំរុញកំណើននៃការនាំចេញរយៈពេលវែង និងនិរន្តរភាពរបស់យើង ហើយកតិកាសញ្ញាពាណិជ្ជកម្មទាំងនេះក៏ជាមេដែកដើម្បីស្រូបទាញលំហូរវិនិយោគផ្ទាល់ពីបរទេសកាន់តែច្រើនមកកាន់ប្រទេសកម្ពុជាផងដែរ”៕