ដោយ: គង់ លាងហួរ
សេអ៊ូល: ទិន្នន័យបានបង្ហាញថា ប្រទេសកូរ៉េខាងត្បូងមានអត្រាភាពក្រីក្រខ្ពស់បំផុតសម្រាប់ពលរដ្ឋវ័យចំណាស់ ក្នុងចំណោមបណ្តាប្រទេសសេដ្ឋកិច្ចធំៗមួយចំនួន។
អត្រានៃភាពក្រីក្រសម្រាប់ពលរដ្ឋវ័យចំណាស់នៅប្រទេសកូរ៉េខាងត្បូងឈរនៅ៣៤,៨ភាគរយ ដោយតួលេខនេះត្រូវបានវាយតម្លៃផ្អែកលើប្រាក់ចំណូលសុទ្ធ។
យោងតាមទិន្នន័យចេញផ្សាយដោយវិទ្យាស្ថានអភិវឌ្ឍន៍កូរ៉េ (KDI) បានបង្ហាញថា ប្រទេសកូរ៉េខាងត្បូង ស្ថិតក្នុងចំណោមប្រទេសទាំង៨ ដែលមានអត្រានៃភាពក្រីក្រខ្ពស់បំផុតសម្រាប់ពលរដ្ឋដែលមានអាយុចាប់ពី៦៥ឆ្នាំឡើងទៅ។
ទិន្នន័យនេះបានធ្វើឡើង ស្របពេលដែលចំនួនពលរដ្ឋចាស់ជរាសរុបនៅកូរ៉េខាងត្បូងបានកើនលើសពី៩លាននាក់ជាលើកដំបូងក្នុងឆ្នាំ២០២២ ហើយវាត្រូវបានគេរំពឹងថា នឹងកើនឡើងក្នុងអត្រាកាន់តែលឿនឆ្ពោះទៅមុខ។
ចំនួនមនុស្សចាស់ត្រូវបានគេរំពឹងថា នឹងគ្របដណ្តប់ច្រើនជាង២០ភាគរយនៃចំនួនប្រជាជនកូរ៉េខាងត្បូងទាំងមូលនៅឆ្នាំ២០២៥ និង៤៩,៨ភាគរយនៅឆ្នាំ២០៥០។
វិទ្យាស្ថាន KDI បានបញ្ជាក់ថា អត្រាភាពក្រីក្រនៅប្រទេសកូរ៉េខាងត្បូងចំនួន៣៤,៨ភាគរយ គឺខ្ពស់ឆ្ងាយខ្លាំងណាស់ បើធៀបនឹងអត្រាភាពក្រីក្រ១១,៨ភាគរយនៅអាល្លឺម៉ង់ ១០,៨ភាគរយនៅសហរដ្ឋអាមេរិក និង៩,៨ភាគរយនៅចក្រភពអង់គ្លេស៕