ការស្ទង់មតិ: តម្លៃផ្ទះថ្មីរបស់ប្រទេសចិននឹងស្ថិតនៅទ្រឹងប្រចាំឆ្នាំ២០២៣នេះ

ដោយ: គង់ លាងហួរ
ក្រុងប៉េកាំងៈ យោងតាមការស្ទង់មតិរបស់សារពត៌មាន Reuters បង្ហាញថា តម្លៃផ្ទះថ្មីនៅប្រទេសចិន ទំនងជាមិនអាចសម្រេចបានកំណើននៅឆ្នាំនេះនោះទេ ពោលគឺស្ថិតនៅទ្រឹង ដោយសារសម្ពាធដ៏តានតឹងនៅក្នុងវិស័យអចលនទ្រព្យដែលជាប់ផុងក្នុងវិបត្តិបំណុល។

យោងតាមការស្ទង់មតិរបស់សារពត៌មាន Reuters ទៅលើសេដ្ឋវិទូចំនួន១២រូប ដែលធ្វើឡើងចាប់ពីថ្ងៃទី១៦ រហូតដល់ថ្ងៃទី២៥ ខែសីហា បានបង្ហាញថា តម្លៃផ្ទះនឹងមិនសម្រេចបានកំណើនអ្វីនោះទេ បើធៀបនឹងការព្យាករកាលពីលើកមុនថា តម្លៃផ្ទះនឹងសម្រេចបានកំណើន១,៤%។

ទំនុកចិត្តនៅក្នុងវិស័យអចលនទ្រព្យ ដែលគ្របដណ្តប់មួយភាគបួននៃសេដ្ឋកិច្ចរបស់ប្រទេសចិនបានដាំក្បាលចុះកាលពីឆ្នាំមុន បន្ទាប់ពីអ្នកទិញផ្ទះជាច្រើនបានគំរាមឈប់បង់ប្រាក់កម្ចី ខណៈអ្នកអភិវឌ្ឍន៍មិនអាចបញ្ចប់គម្រោងសាងសង់លំនៅដ្ឋាន ដោយសារតែការជាប់គាំងសាច់ប្រាក់ និងការរឹតបន្តឹងយ៉ាងតឹងរ៉ឹងនៃជំងឺកូវីដ-១៩។

លោក Wang Xingping អ្នកវិភាគជាន់ខ្ពស់ប្រចាំក្រុមហ៊ុន Fitch Bohua បានលើកឡើងថា “ការថយចុះនៃការស្ទុះងើបឡើងវិញក្នុងសេដ្ឋកិច្ចរបស់ប្រទេសចិន និងការប្រើប្រាស់បែបអភិរក្សរបស់អ្នកស្រុកបានបង្ហាញថា ទំនុកចិត្តរបស់អ្នកចូលរួមទីផ្សារអចលនទ្រព្យមិនទាន់បានជាសះស្បើយនៅឡើយទេ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កាលពីឆ្នាំមុន អាជ្ញាធរចិនបានដាក់ចេញនូវវិធានការមួយចំនួន ដើម្បីជំរុញវិស័យនេះ ប៉ុន្តែទំនុកចិត្តនៅតែមានកម្រិតទាប ដែលមួយផ្នែកបណ្តាលមកពីបញ្ហាសាច់ប្រាក់កើតឡើងបន្តបន្ទាប់គ្នាក្នុងចំណោមអ្នកអភិវឌ្ឍន៍អចលនទ្រព្យ និងការធ្លាក់ចុះនៃសេដ្ឋកិច្ច។

ការវិនិយោគលើអចលនទ្រព្យរបស់ប្រទេសចិននៅឆ្នាំ២០២៣នេះ ត្រូវបានគេរំពឹងថានឹងធ្លាក់ចុះ៧,៧ភាគរយ បើធៀបនឹងឆ្នាំមុន ពោលគឺលឿនជាងការព្យាករក្នុងការស្ទង់មតិនាខែឧសភាទៅទៀត។

ចំណែកឯ ការលក់ផ្ទះ ដែលគិតជាផ្ទៃក្រឡាខាងក្នុងអគារ (floor area) ត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះ៥,០ភាគរយ នៅក្នុងលក្ខខណ្ឌប្រចាំឆ្នាំសម្រាប់ឆ្នាំ២០២៣នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here