ដោយ: គង់ លាងហួរ
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាស៊ីបានងើបឡើងថ្លៃនៅថ្ងៃអង្គារនេះ ហើយមូលបត្របំណុលក៏បានងើបឡើងផងដែរ ស្របពេលដែលតម្លៃប្រេងឆៅបានធ្លាក់ចុះវិញ បន្ទាប់ពីបានហក់ឡើងយ៉ាងគំហុកកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ។
សន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិកដ៏ធំបំផុតរបស់ក្រុមហ៊ុនអាមេរិក MSCI នៅខាងក្រៅប្រទេសជប៉ុនបានងើបឡើងថ្លៃ១,២ភាគរយនៅម៉ោងសកល 0135 GMT ។
សន្ទស្សន៍ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ២,៤ភាគរយ ខណៈពេលដែលផ្សារហ៊ុន S&P/ASX 200 របស់ប្រទេសអូស្ត្រាលីបានងើបឡើងថ្លៃ១,២ភាគរយ។
សន្ទស្សន៍ផ្សារហ៊ុនហុងកុង Hang Seng និងសន្ទស្សន៍ផ្សារហ៊ុន CSI300 គោលរបស់ប្រទេសចិនបានងើបឡើងថ្លៃ១,២ភាគរយ និង០,៥ភាគរយរៀងៗគ្នានៅពេលបើក។
តម្លៃប្រាក់ដុល្លារអាមេរិកបានធ្លាក់ថ្លៃចុះនៅថ្ងៃអង្គារនេះ រួមជាមួយនឹងការរំពឹងទុកលើអត្រាការប្រាក់របស់សហរដ្ឋអាមេរិក និងការធ្លាក់ចុះនៃផលប័ត្ររតនាគារ។
ផលប័ត្ររតនាគាររយៈពេល១០ឆ្នាំបានធ្លាក់ចុះច្រើនជាង១៣ពិន្ទុមូលដ្ឋានមកនៅត្រឹម៤,៦ភាគរយនៅពេលបើកនៅទីក្រុងតូក្យូ ខណៈដែលតម្លៃមូលបត្របំណុលបានងើបឡើង បន្ទាប់ពីថ្ងៃឈប់សម្រាកកាលពីថ្ងៃចន្ទ។
តម្លៃប្រេងបានធ្លាក់ចុះវិញនៅថ្ងៃនេះ បន្ទាប់ពីបានងើបឡើងថ្លៃជាង៤ភាគរយកាលពីថ្ងៃចន្ទ។ តម្លៃប្រេងឆៅប្រភេទ Brent បានធ្លាក់ចុះ០,៤ភាគរយ មកត្រឹម៨៧,៧៥ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោងសកល 0136 GMT ខណៈតម្លៃប្រេងឆៅ West Texas Intermediate របស់អាមេរិកបានធ្លាក់ចុះ១៦សេន ឬ០,៥ភាគរយ មកនៅត្រឹម៨៥,៩៣ដុល្លារក្នុងមួយបារ៉ែល។
ទោះជាយ៉ាងនេះក្តី ទីផ្សារកំពុងឃ្លាំមើលយ៉ាងដិតដល់ចំពោះការប៉ះទង្គិចគ្នាផ្នែកយោធារវាងអុីស្រាអែល និងក្រុមអុីស្លាមប៉ាឡេស្ទីន Hamas បន្ទាប់ពីមានការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ក្រុមហាម៉ាសកាលពីថ្ងៃសៅរ៍ដែលបានសម្លាប់ជនជាតិអុីស្រាអែលរាប់រយនាក់៕