ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រទេសវៀតណាមបាននាំចេញផ្លែឈើទៅកាន់ប្រទេសចិនតិចជាងមុន ខណៈប្រទេសចិនបានបង្កើនការដាំដុះស្រកានាគ និងបានអនុញ្ញាតឱ្យមានការនាំចូលផ្លែផាសុិនពីឡាវ និងផ្លែមៀនពីកម្ពុជា។
ទិន្នន័យពីគយវៀតណាមបានបង្ហាញថាការនាំចេញផ្លែស្រកានាគ របស់វៀតណាមទៅប្រទេសចិនមានទំហំទឹកប្រាក់ សរុបចំនួន៤៤២លានដុល្លារ ដែលបង្ហាញពីការធ្លាក់ចុះ៤,៤% បើធៀបនឹងឆ្នាំមុន។ ជាក់ស្តែងការនាំចេញផ្លែស្រកានាគក្រហមបានធ្លាក់ចុះ៣៨%។
បច្ចុប្បន្ននេះ ទិន្នផលផ្លែស្រកានាគរបស់ប្រទេសចិនបានកើនលើសពីវៀតណាម ហើយស្រកានាគចិនមានតម្លៃថោកជាងផ្លែស្រកានាគ ដែលនាំចូលពីវៀតណាម។
ចំណែកការនាំចេញផ្លែផាសុិនពីវៀតណាម ទៅកាន់ប្រទេសចិនបានធ្លាក់ចុះ៣៦,៥% មកនៅត្រឹម២៩,៥លានដុល្លារអាមេរិក។ ផ្លែឈើស្រស់របស់វៀតណាមធ្លាប់មានចំណែកទីផ្សារនាំមុខគេ។
ទោះជាយ៉ាងនេះក្តី ថ្មីៗនេះ ប្រទេសចិនបានកាត់បន្ថយការនាំចូលផ្លែផាសុិនពីវៀតណាម ដោយសារតែប្រទេសចិនបានដាំដុះផ្លែនេះ ហើយបានអនុញ្ញាតឱ្យឡាវនាំចេញផ្លែផាសុិនទៅកាន់ទីផ្សារចិនក្នុងកូតាផ្លូវការចាប់តាំងពីឆ្នាំ២០២២។
ចំណែកនៅលើទីផ្សារផ្លែមៀនវិញ គេសង្កេតឃើញថាទិន្នផល ផ្លែមៀនប្រចាំឆ្នាំរបស់វៀតណាមជាងកន្លះលាន តោន ត្រូវបានផ្គត់ផ្គង់លើសតម្រូវការ និងបន្តលក់ក្នុងតម្លៃថោក ដោយសារប្រទេសចិនមានអ្នកផ្គត់ផ្គង់ថ្មីពីកម្ពុជា ។
កម្ពុជាបាននាំចេញផ្លែមៀនទៅកាន់ប្រទេសចិនក្នុងកូតាផ្លូវការចាប់តាំងពីចុងឆ្នាំ២០២២។ យោងតាមទិន្នន័យពីក្រសួងកសិកម្មកម្ពុជាបានបង្ហាញថាការនាំចេញផ្លែមៀនរបស់កម្ពុជាទៅកាន់ទីផ្សារចិនក្នុងរយៈពេល៨ខែដំបូងដើមឆ្នាំនេះបានកើនលើសពី៨.១០០តោន។
ម្យ៉ាងវិញទៀត ប្រទេសវៀតណាមគឺជាប្រទេសដាំដុះដូងច្រើនជាងគេទី៧នៅលើពិភពលោក ប៉ុន្តែប្រទេសនេះមិនត្រូវបានអនុញ្ញាតឱ្យនាំចេញផ្លែដូងទៅកាន់ប្រទេសចិនតាមកូតាផ្លូវការនោះទេ។
ផ្ទុយទៅវិញ កម្ពុជាដែលមានផ្ទៃដីដាំដូងត្រឹមតែ១៧.០០០ហិកតា និងមានទិន្នផលដូងត្រឹមតែ២៤៨.០០០តោនក្នុងឆ្នាំ២០២២ បាននាំចេញដូងស្រស់ទៅកាន់ប្រទេសចិនក្នុងកូតាផ្លូវការចាប់តាំងពីខែកញ្ញា។
លើសពីនេះ ផ្លែបឺរ ស្វាយ និងខ្នុររបស់វៀតណាមក៏មានហានិភ័យខ្ពស់ក្នុងការប្រកួតប្រជែងជាមួយបណ្តាប្រទេសផ្សេងទៀតសម្រាប់ចំំណែកទីផ្សារចិនផងដែរ។
ជាក់ស្តែង ថ្មីៗនេះ វេណេហ្ស៊ុយអេឡា ដែលជាប្រទេសផលិតផ្លែបឺរធំជាងគេទី១៥ នៅលើពិភពលោក ត្រូវបានអនុញ្ញាតឱ្យនាំចេញផ្លែប័រទៅកាន់ប្រទេសចិនតាមកូតាផ្លូវការ ខណៈវៀតណាមនៅតែត្រូវនាំចេញផ្លែបឺរទៅប្រទេសចិនក្នុងកូតាក្រៅផ្លូវការ។
ថ្មីៗនេះ ប្រទេសម៉ាឡេស៊ីក៏ត្រូវបានអនុម័តលើការនាំចេញផ្លែខ្នុរក្នុងកូតាផ្លូវការទៅកាន់ប្រទេសចិន ដូចទៅនឹងប្រទេសថៃ និងវៀតណាមផងដែរ៕