តម្លៃហាងឆេងស្ថិតនៅទ្រឹងនៅថ្ងៃសុក្រនេះ បន្ទាប់ពីបានធ្លាក់ថ្លៃអស់៩វគ្គជាប់ៗគ្នា

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងស្ថិតនៅទ្រឹងនៅថ្ងៃសុក្រនេះ បន្ទាប់ពីបានធ្លាក់ថ្លៃអស់៩វគ្គជាប់ៗគ្នា ខណៈអ្នកវិនិយោគរង់ចាំទិន្នន័យអត្រាអ្នកមានការងារធ្វើក្រៅពីវិស័យកសិកម្មរបស់សហរដ្ឋអាមេរិក ដែលអាចកំណត់ថាតើអត្រាការប្រាក់នឹងត្រូវបានដំឡើងម្តងទៀតឬអត់។

តម្លៃមាស Spot Gold ស្ថិតនៅទ្រឹងត្រឹម១៨២០,៣៥ដុល្លារ ក្នុងមួយអោនគិតត្រឹមម៉ោងសកល 0103 GMT ខណៈពេលដែលតម្លៃមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,១% ដល់១៨៣៤,១០ដុល្លារក្នុងមួយអោន។

ផលប័ត្ររតនាគាររយៈពេល១០ឆ្នាំរបស់សហរដ្ឋអាមេរិក បានស្ថិតនៅជិតកម្រិតខ្ពស់បំផុតក្នុងរយៈពេល១៦ឆ្នាំ ហើយប្រាក់ដុល្លារអាមេរិកនៅតែស្ថិតលើផ្លូវសម្រាប់ការហក់ឡើងថ្លៃ១២សប្តាហ៍ជាប់ៗគ្នា ដែលការណ៍នេះបានជំរុញឱ្យតម្រូវការទិញមាសធ្លាក់ចុះ។

យោងតាមទិន្នន័យចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍បានបង្ហាញថា ចំនួនជនជាតិអាមេរិក ដែលដាក់ពាក្យបណ្តឹងទាមទារអត្ថប្រយោជន៍អត់ការងារធ្វើបានកើនឡើងក្នុងកម្រិតមធ្យមកាលពីសប្តាហ៍មុន ខណៈដែលការបញ្ឈប់ការងារបានធ្លាក់ចុះនៅក្នុងខែកញ្ញា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមហ៊ុន SPDR Gold Trust ដែលជាមូលនិធិជួញដូរមាសដ៏ធំបំផុតរបស់ពិភពលោក បានរាយការណ៍ថា ការកាន់កាប់មាសរបស់ក្រុមហ៊ុនខ្លួនបានធ្លាក់ចុះ០,២% មកនៅត្រឹម៨៦៧,៥៨តោនកាលពីថ្ងៃព្រហស្បតិ៍។

តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,៣% ដល់២០,៩៦ដុល្លារក្នុងមួយអោន ចំណែក ផ្លាទីនបានងើបឡើងថ្លៃ០,២% ដល់៨៥៦,៣០ដុល្លារក្នុងមួយអោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here