ដោយ: គង់ លាងហួរ
អន្តរជាតិ: វិទ្យាស្ថានហិរញ្ញវត្ថុអន្តរជាតិ (IIF) អះអាងថា បំណុលសកល បានកើនឡើងដល់កំណត់ត្រា៣០៧ទ្រីលានដុល្លារនៅក្នុងត្រីមាសទីពីរ ឆ្នាំ២០២៣នេះ ដោយទីផ្សារនានា ដូចជាសហរដ្ឋអាមេរិក និងជប៉ុន គឺជាប្រភពជំរុញឱ្យមានកំណើនបំណុលដ៏ខ្ពស់នេះ។
របាយការណ៍របស់វិទ្យាស្ថានបង្ហាញថា បំណុលសកលគិតជាប្រាក់ដុល្លារ បានកើនឡើងចំនួន១០ទ្រីលានដុល្លារ នៅក្នុងឆមាសទីមួយ ឆ្នាំ២០២៣ និងកើនឡើង១០០ទ្រីលានដុល្លារ ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ។
វិទ្យាស្ថានខាងលើបានបន្តថា ការកើនឡើងចុងក្រោយបំផុតនេះ បានបង្កើនអនុបាត បំណុលសកលធៀបទៅនឹង GDP សម្រាប់ត្រីមាសទី២ជាប់ៗគ្នា ឱ្យឡើងដល់៣៣៦% ។ មុនឆ្នាំ២០២៣ អនុបាត ឬសមាមាត្របំណុល បានធ្លាក់ចុះអស់រយៈពេល៧ត្រីមាស។
របាយការណ៍នេះបានអះអាងថា កំណើនសេដ្ឋកិច្ចដើរយឺត គួបផ្សំនឹងការថយចុះនៃកំណើនតម្លៃ គឺជាហេតុផលឈរនៅពីក្រោយការកើនឡើងនៃអនុបាតបំណុលនាពេលនេះ។
IIF បានបញ្ជាក់ថា “ការកើនឡើងភ្លាមៗ នៃអតិផរណាគឺជាកត្តាចម្បង ដែលនៅពីក្រោយការថយចុះយ៉ាងខ្លាំង នៃអនុបាតបំណុលក្នុងរយៈពេលពីរឆ្នាំកន្លងមក”។
វិទ្យាស្ថានដដែលបន្ថែមទៀតថា “ដោយប្រាក់ឈ្នួល និងសម្ពាធតម្លៃមានការថយចុះ ទោះបីជាថយចុះមិនដល់គោលដៅរបស់ពួកគេយ៉ាងណាក្តី ក៏គេរំពឹងថា អនុបាតបំណុលធៀបនឹងGDP នឹងកើនលើសពី៣៣៧% នៅចុងឆ្នាំ២០២៣នេះ”៕