កម្ពុជាដាក់ចេញនូវគោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យា ហិរញ្ញវត្ថុ Fintech ឆ្នាំ២០២៣-២០២៨

ដោយ: គង់ លាងហួរ

ភ្នំពេញ: រដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) ឆ្នាំ២០២៣-២០២៨ កាលពីថ្ងៃពុធ ក្នុងគោលបំណងលើកកម្ពស់ ការរួមបញ្ចូលផ្នែកហិរញ្ញវត្ថុ ក៏ដូចជាការរក្សាស្ថិរភាពហិរញ្ញវត្ថុ និងលើកកម្ពស់ការច្នៃប្រឌិត។

លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីគោលនយោបាយអភិវឌ្ឍន៍ បច្ចេកវិទ្យាហិរញ្ញវត្ថុឆ្នាំ២០២៣-២០២៨ ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ មកពីក្រសួងពាក់ព័ន្ធ និងស្ថាប័នសាធារណៈ និងតំណាងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។

ថ្លែងក្នុងពិធីនោះ លោក អូន ព័ន្ធមុនីរ័ត្ន បានមានប្រសាសន៍ថា ប្រទេសកម្ពុជា បានឆ្លងកាត់បទពិសោធន៍ នៃការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សក្នុងវិស័យ Fintech ដែលជាកាតាលីករក្នុងការគាំទ្រ និងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានបន្តថា ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល បានធ្វើឱ្យអាជីវកម្មក្នុងស្រុក និងអ្នកវិនិយោគអាចតភ្ជាប់ ទៅកាន់សង្វាក់ផលិ​តកម្មក្នុងតំបន់ និងពិភពលោក ក៏ដូចជាការច្នៃប្រឌិត ក្នុងការផលិតទំ​និញ និងសេវាកម្ម។

លោក​​បញ្ជាក់ថា​ “គោលនយោបាយ​នេះ ​គឺជា​ផែនទី​បង្ហាញផ្លូវ​ដ៏​សំខាន់​មួយ ​ដើម្បី​ជំរុញ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា ​ក្នុង​ឧស្សាហកម្ម​ហិរញ្ញវត្ថុ​”។

លោកបានបន្ថែមថា “ខ្ញុំជឿជាក់យ៉ាងមុតមាំថា ការអនុវត្តប្រកប​ដោយប្រសិទ្ធភាព នៃគោលនយោបាយនេះ នឹងអនុញ្ញាតឱ្យកម្ពុជាប្រើប្រាស់ Fintech ជាអតិបរមា ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលរបស់ខ្លួន”។

ការកើនឡើងនៃបច្ចេកវិទ្យាហិរញ្ញវត្ថុ Fintech បានផ្តល់នូវការជំរុញដ៏ធំមួយ ដល់ការអភិវឌ្ឍនៃការទូទាត់តាមទូរស័ព្ទនៅកម្ពុជា។

យោងតាមធនាគារជាតិនៃកម្ពុជា (NBC) បានឱ្យដឹងថា នៅកម្ពុជា មានគណនីe-wallet សរុបចំនួន១៩,៥លានគណនី ក្នុងឆ្នាំ២០២២ កើនឡើងពី១៣,៦លានគណនីកាលពីឆ្នាំ២០២១។

លើសពីនេះ ប្រទេសកម្ពុជាបានកត់ត្រាប្រតិបត្តិការ ទូទាត់តាមអ៊ីនធឺណិត ចំនួន១ពាន់លានប្រតិបត្តិការ ជាមួយនឹងទំហំទឹកប្រាក់សរុបចំនួន២៧២,៨ពាន់លានដុល្លារអាមេរិកកាលពីឆ្នាំមុន៕Xinhua៕

LEAVE A REPLY

Please enter your comment!
Please enter your name here