ដោយ: គង់ លាងហួរ
វ៉ាស៊ីនតោន: រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោកស្រី Janet Yellen បានលើកឡើងកាលពីថ្ងៃអង្គារ ទី០៣ ខែតុលា ថា សហរដ្ឋអាមេរិកបានពឹងផ្អែកខ្លាំងជ្រុល លើប្រទេសចិនសម្រាប់ខ្សែសង្វាក់ផ្គត់ផ្គង់សំខាន់ៗ ជាពិសេសផលិតផលថាមពលស្អាត។
លោកស្រី Janet Yellen បានមានប្រសាសន៍ថា សហរដ្ឋអាមេរិកត្រូវការពង្រីកប្រភព នៃការផ្គត់ផ្គង់របស់ខ្លួន។ នេះបើយោងតាមការចុះផ្សាយដោយសារពត៌មានReuters។
លោកស្រី Yellen បានថ្លែងក្នុងព្រឹត្តិការណ៍ Fortune CEO នៅទីក្រុងវ៉ាស៊ីនតោន ដោយបានគូសបញ្ជាក់ឡើងវិញ នូវទស្សនៈដ៏យូររបស់លោកស្រីថា សហរដ្ឋអាមេរិក មិនចង់ផ្តាច់ទំនាក់ទំនងផ្នែកសេដ្ឋកិច្ចពីប្រទេសចិននោះទេ។
មន្ត្រីជាន់ខ្ពស់រូបនេះបានបន្តថា លោកស្រីមិនមែនជាអ្នកជឿខ្លាំង លើគោលនយោបាយឧស្សាហកម្មនោះទេ ប៉ុន្តែថាសហរដ្ឋអាមេរិកបានរង់ចាំ និងត្រៀមខ្លួនយូរពេក ខណៈប្រទេសផ្សេងទៀតបានសាងសង់ឧស្សាហកម្ម semiconductor ជាមួយនឹងការឧបត្ថម្ភធនដ៏ធំសំបើម។
លោកស្រីបានអះអាងទៀតថា សហរដ្ឋអាមេរិកអាចប្រឈមមុខនឹងកង្វល់សន្តិសុខជាតិ ដោយគ្មានវិស័យ semiconductor ដ៏រឹងមាំរបស់ខ្លួន ដោយលោកស្រីបានបន្ថែមថា ច្បាប់ Chips and Science Act កាលពីឆ្នាំមុននឹងជួយផ្លាស់ប្តូរនិន្នាការនោះ។
លោកស្រីបន្ថែមថា “យើងកំពុងបញ្ឆោតខ្លួនឯង ប្រសិនបើយើងគិតអំពីការបោះបង់ចោល សម្រាប់គោលបំណងជាក់ស្តែងទាំងអស់ ការផលិតគ្រឿងអេឡិចត្រូនិកsemiconductor គឺជាយុទ្ធសាស្ត្រដ៏ឆ្លាតវៃសម្រាប់សហរដ្ឋអាមេរិក”៕