ដោយ: គង់ លាងហួរ
ភ្នំពេញ: សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញឱ្យសមភាគីថៃ ពង្រីកទីផ្សារនាំចូលកសិផលកម្ពុជា ខណៈដែលតំណាងវិស័យឯកជន បានតស៊ូមតិសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មឆ្លងដែន ដើម្បីជួយសម្រួលដល់ការបង្កើន ទំហំពាណិជ្ជកម្មរវាងប្រទេសទាំង២។
នេះបើយោងតាមសារពត៌មានថៃ The Nation ចុះផ្សាយនៅថ្ងៃអង្គារ ទី៣ ខែតុលា ឆ្នាំ២០២៣។
នាយករដ្ឋមន្ត្រីថៃ លោកសេដ្ឋា ថាវីស៊ីន បានសម្តែងការប្តេជ្ញាចិត្ត ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយកម្ពុជា ក្នុងអំឡុងពេលនៃដំណើរបំពេញ ទស្សនកិច្ចផ្លូវការមកកាន់កម្ពុជាកាលពីពេលថ្មីៗនេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក សេដ្ឋា ថាវីស៊ីន ក៏បានកត់សម្គាល់អំពីសារៈសំខាន់ នៃការចែករំលែកចំណេះដឹងកសិកម្មរវាងកសិករនៃប្រទេសទាំងពីរផងដែរ។
យោងតាមសេចក្តីប្រកាសព័ត៌មានមួយ បានគូសបញ្ជាក់ឱ្យដឹងថា ភាគីទាំងពីរបានធ្វើការប្តេជ្ញាចិត្ត ក្នុងការបង្កើនទំហំពាណិជ្ជកម្ម និងការវិនិយោគទៅវិញទៅមក ព្រមទាំងជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធពន្លឿនការចរចា លើអនុស្សរណៈនៃការយោគយល់គ្នា (MoU) សម្រាប់ការដឹកជញ្ជូនទំនិញ រវាងប្រទេសទាំងពីរ ដោយដោះស្រាយបញ្ហាទាក់ទងនឹងការដឹកជញ្ជូនទៅកាន់ប្រទេសទី៣។
អ្នកឧកញ៉ាលឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា (CCC) បានជំរុញឱ្យប្រទេសទាំងពីរ បង្កើតកិច្ចព្រមព្រៀងសម្របសម្រួលពាណិជ្ជកម្មតាមព្រំដែន ដោយពន្យល់ថាការណ៍នេះ នឹងសម្រួលដល់ដំណើរការនាំចេញកសិផល។ អ្នកឧកញ៉ាបានកត់សម្គាល់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មឆ្លងព្រំដែនមានលក្ខណៈទូលំទូលាយជាងMoU ដែលកម្ពុជាធ្លាប់ធ្វើជាមួយប្រទេសវៀតណាមកន្លងមក ប៉ុន្តែមិនទាន់មានជាមួយប្រទេសថៃ ឬឡាវនៅឡើយនោះទេ។
អ្នកឧកញ៉ាបន្ថែមថា “ទំហំពាណិជ្ជកម្មរបស់កម្ពុជា ជាមួយប្រទេសថៃមានសក្តានុពលខ្លាំង ប្រសិនបើថ្នាក់ដឹកនាំទាំង២អាចពន្លឿនការបញ្ចប់ MoU ទាក់ទងនឹងការដឹកជញ្ជូនទំនិញ រវាងប្រទេសទាំងពីរ ហើយខ្ញុំជំរុញឱ្យភាគីទាំងពីរ បង្កើនកិច្ចព្រមព្រៀងពាណិជ្ជកម្មឆ្លងព្រំដែន”៕