ធនាគារហត្ថាប្រកាសច្រានចោលពត៌មានមិនពិតដែលចុះផ្សាយថា ធនាគារបង្ខំឱ្យអតិថិជនម្នាក់លក់ទ្រព្យសម្បត្តិដើម្បីសងបំណុល

ដោយ: គង់ លាងហួរ

ភ្នំពេញ: យោងតាមសេចក្តីប្រកាសពត៌មាន របស់ធនាគារហត្ថាបានឱ្យដឹងថា នាពេលថ្មីៗកន្លងមកនេះ ធនាគារ ហត្ថា បានសង្កេតឃើញមានបណ្តាញ ទំនាក់ទំនងសង្គមមួយចំនួន បានផ្សាយព័ត៌មានប្រាសចាកពី ការពិត ក្នុងន័យញុះញង់ ចោទប្រកាន់ និងបង្ហូចកេរ្តិ៍ឈ្មោះ របស់ធនាគារហត្ថា។

សារពត៌មានទាំងនោះបានចុះផ្សាយថា មន្ត្រីធនាគារហត្ថា បានបង្ខំឱ្យអតិថិជនម្នាក់ ដែលបច្ចុប្បន្នកំពុងរស់នៅ ក្នុងភូមិពោធិ៍អណ្តែត សង្កាត់ព្រែកស្តី ក្រុងសំពៅពូន ខេត្តកណ្តាល លក់ទ្រព្យសម្បត្តិ ដើម្បីយកលុយទៅសងធនាគារ។

ទាក់ទិននឹងករណីនេះ ធនាគារហត្ថាបានច្រានចោលករណីនេះ ដោយលើកឡើងថា ពុំមានករណីដូចការចោទប្រកាន់ និងបង្កាច់បង្ខូចខាងលើនោះឡើយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមសេចក្តីប្រកាសពត៌មានបានឱ្យដឹងទៀតថា ជាក់ស្តែង មន្រ្តីធនាគារហត្ថា តែងតែប្រកាន់យ៉ាងខ្ជាប់ខ្ជួន នូវដំណោះស្រាយប្រកបដោយភាពទន់ភ្លន់ មានក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ និងមានការយោគយល់អធ្យាស្រ័យ យ៉ាងច្រើនជាមួយអតិថិជនរបស់ខ្លួន។

លើសពីនេះ ធនាគារហត្ថាបញ្ជាក់ថា ខ្លួនប្រកាន់ខ្ជាប់ជានិច្ចនូវវិជ្ជាជីវៈក្នុងការធ្វើអាជីវកម្ម និងជាគ្រឹះស្ថានដែលបម្រើសេវាហិរញ្ញវត្ថុប្រកបដោយភាពកក់ក្ដៅ តម្លាភាព និងសុក្រឹតភាព ដើម្បីការរីកចម្រើ​នរបស់សាធារណជនទូទៅ។

សេចក្តីប្រកាសពត៌មានរបស់ធនាគារហត្ថាអះអាងថា ខ្លួនបាននឹងកំពុងអនុវត្តន៍ យ៉ាងពេញពេញនូវយន្តការច្បាប់ តាមផ្លូវតុលាការ ស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ក្នុងករណីមានការលក់ទ្រព្យសម្បត្តិសងបំណុល ចំពោះអតិថិជនណា ដែលមានលទ្ធភាពសង តែពុំមានឆន្ទៈសង។

តាមរយៈការរៀបរាប់ខាងលើនេះ ធនាគារហត្ថាក៏បានអំពាវនាវឱ្យសាធារណៈជនទាំងអស់ បានជ្រាបជាពត៌មាន ដើម្បីកុំឱ្យមានការភាន់ច្រឡំតទៅទៀតផងដែរ។

ទន្ទឹមគ្នានេះ ធនាគារហត្ថាបានសម្តែងការអរគុណ ចំពោះអតិថិជន ដែលតែងតែគាំទ្រ និងបន្តការគាំទ្រសេវាកម្ម របស់ធនាគារហត្ថាកន្លងមក និងតទៅអនាគត៕

LEAVE A REPLY

Please enter your comment!
Please enter your name here