អ្នកជំនាញរបស់ World Bank: កិច្ចព្រមព្រៀង RCEP ជួយកម្ពុជា ធ្វើពិពិធកម្មសេដ្ឋកិច្ច និងការនាំចេញ

ដោយៈ តែម សុខុម

ភ្នំពេញ: អ្នកជំនាញសេដ្ឋកិច្ចជាន់ខ្ពស់ នៃធនាគារពិភពលោក (World Bank) បាននិយាយនៅថ្ងៃច័ន្ទ ទី០២ ខែតុលា ថា កិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលបានចូលជាធរមានក្នុងឆ្នាំ២០២២ បានជួយធ្វើពិពិធកម្មសេដ្ឋកិច្ច និងការនាំចេញរបស់កម្ពុជា។

លោក Aaditya Mattoo ប្រធានអ្នកជំនាញសេដ្ឋកិច្ចប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកនៃធនាគារពិភពលោកថ្លែងថា កិច្ចព្រមព្រៀង RCEP និងច្បាប់ថ្មីរបស់កម្ពុជាស្តីពី ការវិនិយោគបានបង្កើនលទ្ធភាពចូលទៅកាន់ទីផ្សារកាន់តែច្រើន និងជួយបង្កើតរំហូរពាណិជ្ជកម្ម និងការវិនិយោគថ្មីៗសម្រាប់កម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយស្តីពី ការបញ្ចេញរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចអាស៊ីបូព៌ា និងប៉ាស៊ីហ្វិករបស់ធនាគារពិភពលោកថា កិច្ចព្រមព្រៀងនេះនឹងជួយកម្ពុជា ធ្វើពិពិធកម្មសេដ្ឋកិច្ច និងការនាំចេញរបស់ខ្លួន ដែលពឹងផ្អែកខ្លាំងលើសម្លៀកបំពាក់រហូតមកទល់ពេលនេះ។

លោកបានស្នើឱ្យកម្ពុជា ធ្វើឱ្យប្រសើរឡើងនូវកម្លាំងពលកម្មជំនាញ និងការតភ្ជាប់របស់ខ្លួន ដើម្បីទ្រទ្រង់សេដ្ឋកិច្ច និងការនាំចេញរបស់ខ្លួនក្នុងរយៈពេលយូរ។

នៅក្នុងរបាយការណ៍ដដែល ធនាគារពិភពលោកនិយាយថា កិច្ចព្រមព្រៀង RCEP និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដែលត្រូវបានផ្តល់សច្ចាប័នថ្មីៗផ្សេងទៀត បានជួយកម្ពុជា ពង្រឹងការនាំចេញរបស់ខ្លួន និងទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) បន្ថែមទៀត។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី RCEP មានប្រទេសចូលរួមចំនួន១៥នៅអាស៊ី-ប៉ាស៊ីហ្វិក រួមទាំងសមាជិកអាស៊ាន ទាំង១០ ដែលធ្វើការរួមគ្នា ជាមួយដៃពាណិជ្ជកម្មចំនួន៥ រួមមាន ប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់។

យោងតាមរបាយការណ៍ របស់ក្រសួងពាណិជ្ជកម្មបង្ហាញថា ការនាំចេញសរុបរបស់កម្ពុជា ទៅកាន់ប្រទេសសមាជិក នៃកិច្ចព្រមព្រៀង RCEP មានទំហំ៤,៥៩ពាន់លានដុល្លារអាមេរិក គិតចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២៣ ដោយកើនឡើង២១%។

លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មមានប្រសាសន៍ថា កិច្ចព្រមព្រៀង​RCEP គឺជាកម្លាំងចលករដ៏សំខាន់សម្រាប់កំណើននៃការនាំចេញរបស់កម្ពុជា ហើយបានក្លាយជាមេ​ដែកឆក់ស្រូបទាញរំហូរ វិនិយោគផ្ទាល់ពីបរទេស (FDI) កាន់តែច្រើនមកកាន់កម្ពុជា។

លោកបានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន Xinhua ថា “RCEP ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដ៏ធំបំផុតរបស់ពិភពលោករួមជាមួយកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីទ្វេភាគីផ្សេងៗទៀត នឹងជួយកម្ពុជា បញ្ចប់ឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៧ ហើយសម្រេចគោលដៅរបស់ខ្លួន ក្នុងការក្លាយជាប្រទេស ដែលមានចំណូ​លមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០”។

យោងតាមទិន្នន័យរបស់ធនាគារពិភពលោកឱ្យដឹងថា កិច្ចព្រមព្រៀង RCEP គ្របដណ្តប់លើប្រជាជន ចំនួន២,៣ពាន់លាននាក់ ២៥,៨ទ្រីលានដុល្លារអាមេរិក នៃGDPរបស់ពិភពលោក ទំហំពាណិ​ជ្ជ​កម្មទំនិញ និងសេវាកម្ម១២,៧ទ្រីលានដុល្លារ និង៣១%នៃរំហូរចូលនៃ FDI ទូទាំងពិភពលោក៕ Xinhua៕

LEAVE A REPLY

Please enter your comment!
Please enter your name here