កម្ពុជាលក់កញ្ចប់ធានារ៉ាប់រងកូវីដ១៩ បាន៤០៨០នាក់ក្នុងរយៈពេលជាង២ខែ

ភ្នំពេញ ៖ ចាប់តាំងពីកម្ពុជាបានសម្រេចបើកដំណើរការលក់កញ្ចប់ធានារ៉ាប់ជំងឺកូវីដ១៩ ជូនអ្នកដំណើរបរទេសដែលចូលមកកម្ពុជា តាំងពីចុងខែសីហា ២០២០មកដល់ពេលនេះ មានអ្នកដំណើរចូលកម្ពុជាទិញកញ្ចប់ធានារ៉ាប់ចំនួន៤០៨០នាក់ ។ នេះបើតាមលោកយក់ ចំរើនឬទ្ធិអគ្គនាយកក្រុមហ៊ុនធានារ៉ាប់រងហ្វតតេ ។
លោកចំរើនឬទ្ធិបានមានប្រសាសន៍តាមទូរសព្ទឱ្យដឹងនៅរសៀលថ្ងៃទី០៦ វិច្ឆិកា ២០២០នេះថា កញ្ចប់តាំងពីដំណើរការកញ្ចប់សេវាធានារ៉ាប់រងកូវីដ១៩ ជូនដល់ភ្ញៀវបរទេសមក ឃើញថាមានការគាំទ្រពីសំណាក់អ្នកដំណើរបរទេសចូលកម្ពុជាជាហូហែរ ដោយក្នុងមួយថ្ងៃអាចលក់បានប្រមាណ៣០នាក់ ជាមធ្យម ។ លោកថា៖« កញ្ចប់នេះ យើងលក់ទៅលើអ្នកដំណើរបរទេសដែលចូលកម្ពុជា ហើយមិនមានប័ណ្ណធានារ៉ាប់រងពីប្រទេសគាត់ ដូច្នេះគាត់អាចទិញកញ្ចប់សេវានេះ ហើយបើសិនជាគាត់រកឃើញថាមានផ្ទុកកូវីដ១៩ យើងនឹងផ្ដល់សំណងឱ្យគាត់វិញតាមរយៈការចេញថ្លៃព្យាបាលរហូតដល់ជាសះស្បើយ »។
លោកបានបញ្ជាក់ពីស្ថានភាពវិស័យធានារ៉ាប់រងនៅកម្ពុជាក្នុងឆ្នាំ ២០២០នេះដោយលើកឡើងថា ក្នុងពេលដែលប្រទេសកម្ពុជាជួបវិបត្តិជំងឺកូវីដ១៩ វិស័យធានារ៉ាប់រងក៏មានផលប៉ះពាល់ដែរ ក៏ប៉ុន្តែដោយសារតែវិស័យធានារ៉ាប់រងនៅមានចំណែកតូច នៃGDP ដូច្នេះផលប៉ះពាល់នេះក៏មិនបានធ្វើឱ្យប៉ះដល់សេដ្ឋកិច្ចកម្ពុជាប៉ុណ្ណោះដែរ ។ វិស័យធានារ៉ាប់រងនៅកម្ពុជា បានរួមចំណែកត្រឹមតែ០,៥ភាគរយប៉ុណ្ណោះនៃ GDP ប៉ុន្តែបើនិយាយទៅលើក្រុមហ៊ុនមួយៗវិញគឺមានផលប៉ះពាល់ធ្ងន់ ជាក់ស្ដែងក្រុមហ៊ុនហ្វតតេ ពីមុនមានកំណើនជាង១០ភាគរយ តែឆ្នាំនេះវិញស្ទើរតែអត់មានកំណើនសោះតែម្ដង។
លោកបន្ថែមកញ្ចប់ធានារ៉ាប់រងដែលលក់បានច្រើនក្នុងដំណាក់កាលកូវីដ១៩នេះគឺកញ្ចប់ធានរ៉ាប់រងទៅលើសុខភាព ចំណែកធានារ៉ាប់រងទៅលើសំណង់និងផ្សេងទៀតបានធ្លាក់ចុះច្រើន ព្រោះបានឃើញថាកូវីដ១៩បានធ្វើឱ្យប៉ះពាល់ដល់វិស័យទាំងនោះ ហើយផ្នែកខ្លះនៃវិស័យសំណង់ជាដើមក៏មានការថមថយកំណើន និងអសកម្មមួយចំនួន ។
សូមរំលឹកថា កញ្ចប់ធានារ៉ាប់រងជំងឺកូវីដ១៩ ត្រូវបានបង្កើតឡើងសម្ព័ន្ធ ដោយមានក្រុមហ៊ុនចំនួន៩បានចូលរួម ក្នុងនោះរួមមាន ១) ក្រុមហ៊ុន ហ្វតតេ ២) ក្រុមហ៊ុនមេនូឡាយហ្វ៍ ៣) ក្រុមហ៊ុនព្រូដិនសល ៤) ក្រុមហ៊ុនហ្វតតេ អ៊ិនសួរ៉ិនស៍ ៥) ក្រុមហ៊ុនអេអាយអេ ៦) ក្រុមហ៊ុនដាយអ៊ិឈិ ៧) ក្រុមហ៊ុនហ្គ្រេនឆាយណាឡាយហ្វ៍ ៨) ក្រុមហ៊ុន ធានារ៉ាប់រងកម្ពុជា វៀតណាម និង៩)ក្រុមហ៊ុនធានារ៉ាប់រងបន្ត កម្ពុជារី ៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here