ការជួញដូរផ្សារហ៊ុននៅតំបន់អាសុីប្រឈមភាពមិនច្បាស់់លាស់ ស្របពេលតម្លៃប្រេងកើនឡើង

ដោយ: គង់ លាងហួរ
តូក្យូ: យោងតាមសារពត៌មាន Reuters បានចុះផ្សាយថា ផ្សារហ៊ុនរបស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ នៅថ្ងៃចន្ទនេះ ដោយភាគហ៊ុន Nikkei 225 ត្រូវបានជំរុញដោយសារការធ្លាក់ថ្លៃនៃប្រាក់យ៉េន។

ទោះជាយ៉ាងនេះក្តី ការជួញដូរផ្សារហ៊ុនផ្សេងៗទៀត ក្នុងតំបន់អាសុី ប្រឈមនឹងភាពមិនច្បាស់លាស់ ដោយភាគហ៊ុនរបស់ប្រទេសអូស្ត្រាលីបានធ្លាក់ថ្លៃ ដោយសារការធ្លាក់ចុះនៃតម្លៃប្រេងឆៅកាលពីសប្តាហ៍មុន។

ការជួញដូរផ្សារហ៊ុនក៏មានសភាពស្ងប់ស្ងាត់់ផងដែរ ដោយសារថ្ងៃឈប់សម្រាកក្នុងទីក្រុងហុងកុង ខណៈដែលផ្សារហ៊ុននៅចិនដីគោកត្រូវបានបិទ ចាប់តាំងពីថ្ងៃសុក្រមកម្ល៉េះសម្រាប់ថ្ងៃឈប់សម្រាក Golden Week។

ផ្សារហ៊ុន Nikkei បានងើបឡើងថ្លៃ១,៦ភាគរយគិតត្រឹមម៉ោងសកល 0100 GMT ដោយបានស្ទុះងើបឡើងវិញ ក្រោយពីបានធ្លាក់ថ្លៃដល់កម្រិតទាបបំផុតក្នុងរយៈពេលជាង១ខែ កាលពីចុងសប្តាហ៍មុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ផ្សារហ៊ុនជប៉ុនក៏ត្រូវបានជំរុញផងដែរដោយសាររបាយការណ៍នៃការស្ទង់មតិ Tankan ប្រចាំត្រីមាសរបស់ធនាគារកណ្តាលជប៉ុន ដែលបង្ហាញពី ភាពប្រសើរឡើងនៃទំនុកចិត្តរបស់ក្រុមហ៊ុនអាជីវកម្ម។

ជាមួយគ្នានោះ នៅថ្ងៃចន្ទនេះ ប្រាក់យ៉េនបានធ្លាក់ថ្លៃចុះដល់កម្រិតទាបបំផុត ដែលមិនធ្លាប់មាន គិតចាប់តាំងពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ មកនៅត្រឹម១៤៩,៧៤យ៉េនក្នុងមួយដុល្លារ។

ចំណែក ផ្សារហ៊ុនផ្សេងទៀតនៅតំបន់អាសុី ដូចជា ផ្សារហ៊ុន Kospi របស់ កូរ៉េ ខាង ត្បូង បាន ងើបឡើង ថ្លៃ០,១ភាគរយ ខណៈ សន្ទស្សន៍ ផ្សារហ៊ុន គោល របស់ អូស្ត្រាលី បាន ធ្លាក់ ថ្លៃចុះ០,០៥ភាគរយ។

តម្លៃប្រេងឆៅអនាគត Brent futures សម្រាប់ខែធ្នូ បានកើនឡើង១៨សេន ឬ០,២ភាគរយ ដល់៩២,៣៨ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីបានធ្លាក់ចុះ៩០សេននៅចុងសប្តាហ៍មុន ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate futures បានកើនឡើង២៣សេន ឬ០,៣ភាគរយដល់៩១,០២ដុល្លារ ក្នុងមួយបារ៉ែល បន្ទាប់ពីបានធ្លាក់ចុះ៩២សេនកាលពីថ្ងៃសុក្រ៕

LEAVE A REPLY

Please enter your comment!
Please enter your name here