ធនាគារ AIIB ចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានចំនួន៤៣លានដុល្លារអាមេរិកដល់កម្ពុជា

ដោយ: គង់ លាងហួរ

ភ្នំពេញ: ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) បានចុះ​ហត្ថលេខា​ លើ​កិច្ច​ព្រម​ព្រៀង​ផ្តល់​ហិរញ្ញប្បទាន​ ចំនួន៤៣លាន​ដុល្លារ​អាមេរិក ដើម្បី​លើក​កម្ពស់​សុខភាព​បសុសត្វ​ឆ្លងដែន និងគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធ ខ្សែសង្វាក់តម្លៃនៅ​កម្ពុជា។

នេះបើយោងតាមសារពត៌មាន Xinhua ចុះផ្សាយកាលពីថ្ងៃព្រហស្បត៍ ទី២៨ ខែកញ្ញា ឆ្នាំ២០២៣។
លោក ប៉ែន ធីរ៉ុង អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ទទួលជំនួយហិរញ្ញប្បទានកិច្ចសហប្រតិបត្តិការ ជាមួយតំណាង AIIB កាលពីថ្ងៃអង្គារនៅខាងក្រៅកិច្ចប្រជុំប្រចាំឆ្នាំលើកទី៨ នៃក្រុមប្រឹក្សាភិបាលរបស់ធនា​គារ AIIB នៅទីក្រុង Sharm El-Sheikh ប្រទេសអេហ្ស៊ីប។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កញ្ចប់ហិរញ្ញប្បទាន រួមមានទឹកប្រាក់៣៣លានដុល្លារជាហិរញ្ញប្បទានសម្បទាន ពីធនាគារAIIB និង១០លានដុល្លារជាជំនួយឥតសំណងពីមូលនិធិបង្ការ ការត្រៀមខ្លួន និងការឆ្លើយតបជំងឺរាតត្បា​ត(Pandemic Prevention, Preparedness and Response Facility Trust Fund)។

គម្រោងនេះ មានគោលបំណងលើកកម្ពស់ការផលិត និងការចិញ្ចឹមសត្វប្រកបដោយគុណភាព និងអនាម័យ ពង្រឹងសុវត្ថិភាព សុខភាពសត្វ និងមនុស្ស ព្រមទាំងបង្ការ និងគ្រប់គ្រងជំងឺឆ្លង។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជាបញ្ជាក់ថា វាក៏នឹងជំរុញពាណិជ្ជកម្មសត្វឆ្លងព្រំដែន ក្នុងចំណោមបណ្តាប្រទេស នៃមហាអនុតំបន់ទន្លេមេគង្គផងដែរ ដោយបន្ថែមថា គម្រោងនេះនឹងត្រូវបានអនុវត្តនៅក្នុងរាជធានីភ្នំពេញ ខេត្តកំពង់ចាម ឧត្តរមានជ័យ ព្រៃវែង សៀម​រាប និងតាកែវ។

លោក ប៉ែន ធីរ៉ុង បានអះអាងថា “គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធខ្សែសង្វាក់តម្លៃ និងសុខភាពសត្វឆ្លងព្រំដែន គឺជាគម្រោងហិរញ្ញប្បទានទី៣ ដែលផ្តល់ដោយធនាគារAIIB ដល់ប្រទេសកម្ពុជាគិតចាប់តាំងពីឆ្នាំ២០២០មក”៕

LEAVE A REPLY

Please enter your comment!
Please enter your name here