ដោយៈ តែម សុខុម
រីយ៉ាដៈ ប្រធានធនាគារពិភពលោក (World Bank Group) លោក Ajay Banga កាលពីថ្ងៃអង្គារ ទី២៦ ខែកញ្ញា បានថ្លែងថា ការស្នើសុំបង់វិភាគទានថ្មីៗ ពីបណ្ដាប្រទេសអ្នកមានបូករួម ជាមួយការផ្លាស់ប្តូរតារាងតុល្យការ អាចបង្កើនសមត្ថភាពផ្តល់ប្រាក់កម្ចីរបស់ធនាគារនេះចន្លោះពី១០០ ទៅ១២៥ពាន់លានដុល្លារ នៅមួយទសវត្សរ៍ក្រោយ។
លោក Ajay Banga បានថ្លែងក្នុងព្រឹត្តិការណ៍មួយរៀបចំឡើងដោយក្រុមប្រឹក្សា ទំនាក់ទំនងកិច្ចការបរទេស (Council on Foreign Relations) ថា វិភាគទានថ្មីៗទាំងនោះគឺជាវិភាគទាន បានពីខាងក្រៅរចនាសម្ព័ន្ធភាគហ៊ុនធម្មតារបស់ធនាគារនេះ និងវិភាគទានជាប្រចាំរបស់ប្រទេសនានា ដល់មូលនិធិរបស់សមាគមអភិវឌ្ឍន៍អន្តរជាតិ (International Development Association) សម្រាប់ជួយប្រទេសក្រីក្របំផុត។
វិភាគទានថ្មីៗទាំងនោះ នឹងរួមបញ្ចូលទាំងសំណើថវិកាបន្ថែមចំនួន២,២៥ពាន់លានដុល្លារ របស់ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន សម្រាប់ធនាគារពិភពលោក រួមជាមួយនឹងការរួមវិភាគទានដែលគេរំពឹងទទួលបាន ពីប្រទេសអាល្លឺម៉ង់ ជប៉ុន កូរ៉េខាងត្បូង អារ៉ាប៊ីសាអូឌីត និងបណ្តាប្រទេសក្នុងតំបន់ Nordic (រួមមានដាណឺម៉ាក ន័រវែស ស៊ុយអែត ហ្វាំងឡង់ ប្រទេសអ៊ីស្លង់ ប្រទេស Faroe Islands ប្រទេស Greenland និងប្រទេស Aland) ផងដែរ។
លោកគូសបញ្ជាក់ថា “ខ្ញុំជឿថា ប្រសិនបើអ្វីៗដំណើរការទៅមុខដោយរលូន រួមទាំងសហរដ្ឋអាមេរិកផងដែរនោះ យើងនឹងអាចបង្កើនសមត្ថភាពរបស់ធនាគារពិភពលោក ក្នុងការផ្ដល់ប្រាក់កម្ចីបន្ថែមបានចន្លោះពី១០០ពាន់លានដុល្លារ ទៅ១២៥ពាន់លានដុល្លារ ដែលពិតជាល្អខ្លាំងមែនទែន”។ លោកបន្តថា “ចំនួននោះមិនគ្រប់គ្រាន់ទេ ប៉ុន្តែវាជាចំនួនដ៏ល្អ”។
លោករំពឹងថា ម្ចាស់ភាគហ៊ុនដែលចូលរួម ក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ធនាគារពិភពលោក នៅទីក្រុង Marrakech ប្រទេសម៉ារ៉ុក ក្នុងខែតុលា ខាងមុខនឹងអនុម័តជាផ្លូវការ នូវសេចក្តីថ្លែងការណ៍ចក្ខុវិស័យថ្មីមួយ ដែលពង្រីកតួនាទីរបស់ធនាគារនេះ លើសពីការកាត់បន្ថយភាពក្រីក្រ និងការលើកកម្ពស់វិបុលភាពរួមគ្នា ដើម្បីដាក់បញ្ចូលបញ្ហាប្រឈមជាសកលដូចជាអាកាសធាតុ ជំងឺរាតត្បាត អសន្តិសុខស្បៀង និងភាពផុយស្រួយជាដើម៕ Arab News៕