លំហូរពាណិជ្ជកម្មបរទេសរបស់ប្រទេសចិននៅតែមានស្ថិរភាព ទោះជាតម្រូវការខាងក្រៅធ្លាក់ចុះ

ដោយ: គង់ លាងហួរ

ប៉េកាំង: ទោះបីជាតម្រូវការខាងក្រៅធ្លាក់ចុះយ៉ាងណាក្តី ការនាំចូល និងការនាំចេញរបស់ប្រទេសចិន បានរក្សាការវិវឌ្ឍប្រកបដោយស្ថិរភាពក្នុងរយៈពេល៨ខែដំបូង ដើមឆ្នាំនេះ ជាមួយនឹងដំណើរការល្អប្រសើរ ហេដ្ឋារចនាសម្ព័ន្ធប្រសើរឡើង និងភាពធន់កាន់តែល្អ។

យោងតាមរដ្ឋបាលទូទៅគយ (GAC) បានឱ្យដឹងថា ការនាំចូល និងការនាំចេញសរុបរបស់ប្រទេសចិន គិតជាប្រាក់យ័នបានធ្លាក់ចុះ០,១ភាគរយ មកនៅត្រឹម២៧,០៨ពាន់ពាន់លានយ័ន (ប្រហែល៣,៧៦ពាន់ពាន់លានដុល្លារអាមេរិក) ក្នុងអំឡុងខែមករាដល់ខែសីហាបើធៀបនឹងឆ្នាំមុន។

ការនាំចេញបានកើនឡើង០,៨ភាគរយ ក្នុងអំឡុងពេល៨ខែដំបូង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលការនាំចូលបានធ្លាក់ចុះ១,៣ភាគរយធៀបនឹងឆ្នាំមុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមទិន្នន័យបានបង្ហាញថា នៅក្នុងខែសីហាតែមួយ ពា​ណិជ្ជកម្មបរទេសរបស់ប្រទេសចិន បានធ្លាក់ចុះ២,៥ភាគរយ បើធៀបនឹងឆ្នាំមុន ប៉ុន្តែបានកើនឡើង៣,៩ភាគរយ បើគេធៀបនឹងខែកក្កដា។

លោក Lyu Daliang មន្ត្រីរបស់រដ្ឋបាលទូទៅគយ (GAC)  បានមានប្រសាសន៍ថា “ប្រតិបត្តិការពាណិជ្ជកម្មបរទេស របស់ប្រទេសចិន ជាទូទៅនៅតែមានស្ថេរភាព” ។

ទោះបីជាមានតម្រូវការ ពីខាងក្រៅតិចតួចយ៉ាងណាក្តី ក៏ទំហំពាណិជ្ជកម្មបរទេសរបស់ប្រទេសនេះ នៅតែមានកម្រិតខ្ពស់។ បរិមា​ណពាណិជ្ជកម្មបរទេសសរុប នៅក្នុងខែសីហាបានកើនលើសបរិមាណជាមធ្យម សម្រាប់រយៈពេលដូចគ្នា រវាងឆ្នាំ២០២០ និង២០២២ ចំនួន៨,២ភាគរយ។ នេះ​បើ​តាម​លោក Lyu។

ចំណែក ទិន្នន័យប្រចាំខែក៏បានបង្ហាញ ពីភាពប្រសើរឡើងវិញផងដែរ។  ទោះបីជាការនាំចេញ និងការនាំចូលបានធ្លាក់ចុះ៣,២ភាគរយ និង១,៦ភាគរយ រៀងៗគ្នាកាលពីខែសីហា ធៀបនឹងឆ្នាំមុនយ៉ាងណាក្តី ប៉ុន្តែល្បឿននៃការធ្លាក់ចុះ ទាំងមូលបានធូរស្រាល បើប្រៀបធៀបទៅនឹងតួលេខខែកក្កដា។

ក្នុងរយៈពេល៨ខែដំបូងនៃឆ្នាំនេះ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន នៅតែជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសចិន។  ជាក់ស្តែង ពាណិជ្ជកម្មរបស់ប្រទេសចិន ជាមួយបណ្តាប្រទេសអាស៊ាន បានកើនឡើង១,៦ភាគរយ បើធៀបនឹងរយៈពេលប្រើ៨ខែដំបូង ដើមឆ្នាំ២០២២ ដោយគ្របដណ្តប់១៥,២ភាគរយនៃតម្លៃពាណិជ្ជកម្មសរុបរបស់ប្រទេសចិន។

ផ្ទុយទៅវិញ ទំហំពាណិជ្ជកម្មរបស់ប្រទេសចិន ជាមួយសហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងជប៉ុនបានធ្លាក់ចុះ១,៥ភាគរយ ៨,៧ភាគរយ និង៦,៨ភាគរយរៀងៗគ្នា។

ក្នុងរយៈពេល៨ខែដើមឆ្នាំនេះ ពាណិជ្ជកម្មរបស់ប្រទេសចិនជាមួយប្រទេសអាស៊ីកណ្តាលចំនួន៥ បានស្គាល់នូវអត្រាកំណើនដ៏រឹងមាំចំនួន៣៤,១ភាគរយ បើធៀបរយៈពេល៨ខែដំបូងដូចគ្នា ក្នុងឆ្នាំមុន ខណៈពាណិជ្ជកម្មរបស់ចិន ជាមួយបណ្តាប្រទេសតាមបណ្តោយគម្រោងខ្សែក្រវាត់និងផ្លូវបានកើនឡើង៣,៦ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here