ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ ធនាគារហត្ថា ដែលជាធនាគារពាណិជ្ជឈានមុខគេមួយរបស់កម្ពុជា បានដាក់ដំណើរការជាផ្លូវការ នូវប្រព័ន្ធទូទាត់អនឡាញរបស់ខ្លួន ដែលហៅកាត់ថា”Hattha Pay”។
ការដាក់ដំណើរការបច្ចេកវិទ្យានេះ ធ្វើឡើងក្នុងគោលដៅផ្ដល់ជូនបទពិសោធន៍ នៃការទូទាត់ទំនិញអនឡាញ កាន់តែងាយស្រួល និងសុវត្ថិភាពថែមមួយកម្រិតទៀត សម្រាប់អតិថិជនមានស្រាប់ និងអតិថិជនថ្មីរបស់ខ្លួន។
ប្រព័ន្ធ Hattha Pay នឹងត្រូវសមាហរណកម្ម ជាមួយនឹងបណ្ដាកម្មវិធី E-commerce (កម្មវិធីទិញទំនិញឬសេវាកម្ម តាមអនឡាញ) ពេញនិយម ទាំងនៅក្នុងប្រទេសកម្ពុជា និងក្រៅប្រទេស ដែលអាចឱ្យអតិថិជនធ្វើការបង់ប្រាក់ភ្លាមៗ និងរហ័សទាន់ចិត្ត តាមរយៈជំហានងាយៗខ្លីៗ នៅលើកម្មវិធី E-commerce របស់ពួកគេដោយផ្ទាល់ ដោយមិនចាំបាច់ ធ្វើការកំណត់វិធីបង់ប្រាក់ បញ្ចូលចំនួនទឹកប្រាក់ ឬប្តូរទៅកាន់ កម្មវិធីធនាគារចល័តរបស់ពួកគេ ដើម្បីទូទាត់ប្រាក់ឡើយ។
លោកយឹម ទិត្យា អគ្គនាយកនៃអគ្គនាយកដ្ឋានឌីជីថល របស់ ធនាគារហត្ថា បានមានប្រសាសន៍ថា បទពិសោធនៃការប្រើប្រាស់របស់អតិថិជន គឺជាអាទិភាពទី១ នៃការអភិវឌ្ឍផលិតផលធនាគារឌីជីថលរបស់យើង។ ពួកយើងបង្កើតប្រព័ន្ធ Hattha Pay នេះឡើង ក្នុងគោលបំណងផ្ដល់ជូនអតិថិជន នូវបទពិសោធនៃការទូទាត់ទំនិញអនឡាញ ដែលមានលក្ខណៈសាមញ្ញ រហ័ស និងសុវត្ថិភាពតាមដែលអាចធ្វើបាន តាមរយៈការសម្រួលជំហាន នៃការបង់ប្រាក់ឱ្យខ្លីជាងមុន និងការកាត់បន្ថយតម្រូវការ នៃការវាយបញ្ចូលព័ត៌មានដោយផ្ទាល់ពីសំណាក់អតិថិជន ឱ្យស្ថិតក្នុងកម្រិតទាបបំផុត។
លោកបានបន្តទៀតថា “ដើម្បីទទួលបានបទពិសោធន៍ នៃទូទាត់តាមអនឡាញនេះ អតិថិជនគ្រាន់តែមានគណនីជាមួយ Hattha Mobile ជាការស្រេច”។សម្រាប់ការដាក់ដំណើរការ Hattha Pay ដំណាក់កាលដំបូងនេះ អតិថិជនអាចធ្វើប្រតិបត្តិការ នៅលើកម្មវិធីដឹកជញ្ជូនអាហារ និងគ្រឿងទេសអនឡាញ ធំបំផុតរបស់កម្ពុជា “Nham24” បានភ្លាមៗតាមរយៈ Hattha Pay។
ដើម្បីអបអរសាទរ ដល់ការដាក់ដំណើរការដ៏ជោគជ័យនេះ ធនាគារ ហត្ថា មានក្ដីសោមនស្សរីករាយ ក្នុងការដាក់ចេញនូវកម្មវិធីប្រូម៉ូសិនផ្ដាច់មុខរយៈពេល៣ខែ ជាមួយនឹងកម្មវិធី Nham24 ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ខែសីហា ឆ្នាំ២០២៣ រហូតដល់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ (ឬអស់កញ្ចប់ថវិកា)។
ក្នុងកំឡុងកម្មវិធីប្រូម៉ូសិននេះ ទាំងអតិថិជនថ្មី និងអតិថិជនមានស្រាប់របស់ ធនាគារ ហត្ថា នឹងទទួលបានការបញ្ចុះតម្លៃ២ដុល្លារក្នុងមួយប្រតិបត្តិការ (ឥតដែនកំណត់) នៅលើកម្មវិធី Nham24 សម្រាប់រាល់ការចំណាយចាប់ពី៥ដុល្លារឡើងទៅ ក្នុងការកុម្ម៉ង់ប្រភេទអាហារ និងភេសជ្ជៈ។
ដើម្បីទទួលបានការបញ្ចុះតម្លៃ លោកអ្នកគ្រាន់តែជ្រើសរើសការទូទាត់តាមរយៈ HatthaPay នៅផ្ទាំងទូទាត់ប្រាក់ ហើយលោកអ្នកនឹងចំណេញបាន២ដុល្លារភ្លាមៗ សម្រាប់ការកុម្ម៉ង់បន្ទាប់របស់អ្នក។
ពួកយើងប្តេជ្ញាចិត្ត ក្នុងការបន្តអភិវឌ្ឍប្រព័ន្ធទូទាត់ ឌីជីថលរបស់យើង ឱ្យកាន់តែធំទូលាយជាងមុន និងផ្ដល់ជូនដំណោះស្រាយនៃការទូទាត់តាមឌីជីថល ដើម្បីបម្រើដល់តម្រូវការប្រចាំថ្ងៃរបស់អតិថិជន៕